ខណៈប្រទេសក៏ជួបទុក្ខលំបាក ជប៉ុនប្រកាសផ្តល់ជំនួយ ៤១ លានដុល្លារដល់ប្រជាជាតិអាស៊ីជុំវិញការផ្គត់ផ្គង់វ៉ាក់សាំង ក្នុងនោះក៏មានកម្ពុជាដែរ
សេដ្ឋកិច្ច March 11, 2021 Khmernote

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រតេសជប៉ុននឹងផ្ដល់ជំនួយចំនួន ៤.៥ ពាន់លានយ៉េន (ប្រមាណ ៤១ លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយទៅកាន់ប្រទេសចំនួន ២៥នៅក្នុងតំបន់អាស៊ី និងកោះនៅប៉ាស៊ីហ្វិក ដើម្បីជួយពួកគេបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់វ៉ាក់សាំង Covid-19។

យោងតាមក្រសួងបានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូន និងឧបករណ៍ផ្សេងទៀតដែលចាំបាច់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យមានស្ថេរភាពនៅក្នុងប្រទេសទាំងនោះរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប៊ូតាន ប្រ៊ុយណេ កម្ពុជា កោះ Cook ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ Micronesia មីយ៉ាន់ម៉ា នេប៉ាល់ Niue ប៉ាគីស្ថាន ប៉ាពួញូហ្គីណេ សាម័រ ស្រីលង្កា កោះ Solomon, Tonga, Tuvalu, Vanuatu និងវៀតណាម។

លើសពីនេះ ប្រទេសជប៉ុនក៏បានសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារ ដល់មណ្ឌល COVAX ដែលជាវេទិកាចែកចាយវ៉ាក់សាំងអន្តរជាតិដែលត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការទទួលថ្នាំបង្ការប្រកបដោយសមធម៌សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews