រដ្ឋាភិបាលថៃគ្រោងនឹងពន្លឿនការនាំចេញស៊ុត ក្នុងគោលបំណង ដើម្បីដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក។ យោងតាមលោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានឲ្យដឹងថា ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស និងនិស្សិតកាន់តែច្រើនដែលតម្រូវឲ្យសិក្សាតាមរយៈអ៉ីនធឺណេត គឹជាផ្នែកមួយដែធ្វើឲ្យការប្រើប្រាស់ស៊ុតក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺការធ្លាក់ចុះឈានដល់ប្រមាណ ៣៨ លានពងក្នុងមួយថ្ងៃ ខណៈផលិតកម្មស៊ុតក្នុងស្រុកក្នុងមួយថ្ងៃមានដល់ទៅ ៤២ លានពងក្នុងមួយថ្ងៃ។
ប្រភពដដែលបានបន្តឲ្យដឹងថា តម្លៃស៊ុតរបស់កសិដ្ឋានមួយក្នុងទំហំចម្រុះនាពេលបច្ចុប្បន្នត្រូវបានគេស្រង់តម្លៃជាមធ្យម ២.៥០ បាតក្នុងមួយស៊ុត ពោលគឺធ្លាក់ចុះពី ២.៨០បាត មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ទន្ទឹមនឹងនេះតម្លៃតម្លៃលក់រាយនាពេលបច្ចុប្បន្ន គឺទាបជាងតម្លៃផលិតកម្មរបស់កសិករដែលគិតជាមធ្យមគឺ ២.៧០ បាតក្នុងមួយស៊ុត។

យ៉ាងណាមិញ ដើម្បីជួយដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក លោក Wattanasak បានបន្តឲ្យដឹងថា ក្រុមប្រឹក្សាស៊ុតកាលពីចុងខែមុន បានយល់ព្រមផ្តល់ថវិកាចំនួន ៥១លានបាត ដែលបានបែងចែកពីមូលនិធិជំនួយរបស់កសិករ ដើម្បីគាំទ្រដល់កសិករពាណិជ្ជករ និងអ្នកនាំចេញ ដោយចំណាយថ្លៃដើមដូចជា វេចខ្ចប់ ដឹកជញ្ជូន និងស៊ុត ក្នុងអត្រា ៥០ស៊ុតក្នុងមួយសាតាង។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានសន្យាថា នឹងជំរុញការនាំចេញពងប្រហែល ២០០លានពងនៅចុងខែសីហា ដើម្បីជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ក្រសួង។ គួរបញ្ជាក់ផងដែរថា យោងតាមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វប្រទេសថៃ បាននាំចេញស៊ុតចំនួន ២២១ លានក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ១៨.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ខណៈហុងកុង និងសិង្ហបុរីគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ស៊ុតថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


