បើកឆាកឆ្នាំថ្មី វៀតណាមកើបលុយបានច្រើនពីការនាំចេញផលិតផលកសិកម្ម និងជលផល ខណៈប្រទេសសេដ្ឋកិច្ចយក្សមួយនេះជាអ្នកនាំចូលធំជាងគេ
សេដ្ឋកិច្ច March 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតនៃផលិតផលកសិកម្ម ឈើ និងជលផល របស់វៀតណាមក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ដែលមានទឹកប្រាក់ចំនួន ២.០៤ ពាន់លានដុល្លារកើនឡើង ៥២.៣% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្មើនឹង ៣៣.០៥% នៃចំណែកទីផ្សារសរុប។ សារព័ត៌មានដដែលបានបន្តឲ្យដឹងថា បន្ទាប់ពីអាមេរិក ប្រទេសចិនឈរនៅលំដាប់ទីពីរ ខណៈការនាំចេញទៅកាន់ប្រទេសជិតខាងនៅភាគខាងជើងបានឈានដល់ ១.៨៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ ដោយមានចំណែកទីផ្សារ ៣០.៥៣% កើនឡើង ៥៧.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអមដោយបណ្តាប្រទេសអាស៊ាន សហភាពអឺរ៉ុប ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានប្រកាសថា តម្លៃនាំចូលផលិតផលកសិ – រុក្ខកម្ម ជលផល បានកើនឡើងដល់ជិត ១១ ពាន់លានដុល្លារក្នុងខែមករា – កុម្ភៈ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្ម ១.៣៧ ពាន់លានដុល្លារកើនឡើង ២៨.៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងក៏បានរាយការណ៍ផងដែរថា ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកត់សំគាល់ក្នុងតម្លៃនាំចេញផលិតផលជាច្រើនដូចជា កៅស៊ូ តែ ស្វាយចន្ទី បន្លែ និងផ្លែឈើ រួមទាំងផលិតផលព្រៃឈើ។

ក្នុងនោះ ការនាំចេញកៅស៊ូមានចំនួន ៥១៦ លានដុល្លារកើនឡើង ៩.៩% ,តែ មានចំនួន ២៩ លានដុល្លារ ដែលតំណាងឱ្យការកើនឡើង ១១.១% ហើយចំណែកឯគ្រាប់ស្វាយចន្ទីមានចំនួន ៤៤២ លានដុល្លារកើនឡើង ២១.៥%។ គួរបញ្ជាក់ឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំនេះការនាំចេញផលិតផល កសិ – ជលផល បានកើនឡើងដល់ ២.៧៨ ពាន់លានដុល្លារកើនឡើង ៣%ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus