រដ្ឋាភិបាលថៃ កំពុងពិនិត្យមើលការផ្ដល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃ ដល់ពលករចំណាកស្រុក
សេដ្ឋកិច្ច March 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងពិនិត្យមើលការផ្ដល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ពលករចំណាកស្រុក ដែលស្ថិតនៅក្រោមកម្មវិធីសន្តិសុខសង្គមរបស់ប្រទេសនេះ។ ជាមួយគ្នានោះដែរ ក្រសួងការងារថៃ គ្រោងនឹងពិភាក្សាអំពីការផ្លាស់ប្ដូរនៃផែនការចាក់វ៉ាក់សាំងនេះជាមួយក្រុមប្រឹក្សាសន្តិសុខសង្គម ហើយប្រសិនបើផែនការផ្លាស់ប្ដូរនេះត្រូវបានអនុម័ត ពលករចំណាកស្រុកជាង ២.៣លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដោយរដ្ឋត្រូវចំណាយថវិកាប្រមាណ ៣ ពាន់លានបាត។

រដ្ឋមន្រ្តីក្រសួងការងារ បាននិយាយថា ពលករធ្វើចំណាកស្រុក គឺមានសារៈសំខាន់ចំពោះឧស្សាហកម្មថៃ និងសេដ្ឋកិច្ច ដូច្នេះពួកគេមិនគួរណា មិនទទួលបានការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នោះទេ។ ខណៈបុគ្គលិកពេទ្យជួរមុខ ជាមនុស្សដែលបានធ្វើការជិតស្និទជាមួយអ្នកឆ្លងជំងឺ មនុស្សចាស់ អ្នកដែលទទួលរងពីជំងឺពីកំណើត និងប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់ គឺជាអ្នកទទួលវ៉ាក់សាំងដំបូងគេ។ ហើយបន្ទាប់ពីក្រុមមនុស្សទាំងនោះ ប្រជាជនទូទៅ និងនៅតាមតំបន់ទេសចរណ៍ធំៗ មួយចំនួននឹងត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំង។

បន្ថែមពីនេះ ក្រសួងការងារក៏គ្រោងនឹងបង្កើតមន្ទីរពេទ្យ សម្រាប់តែប្រជាជនដែលស្ថិតនៅក្រោមកម្មវិធីសន្តិសុខសង្គម ក៏ដូចជាធនាគារសន្តិសុខសង្គម ដើម្បីជួយប្រជាជនក្រោមកម្មវិធីសន្តិសុខសង្គម។គួរឲ្យដឹងផងដែរថា វិធានការការពារពលករចំណាកស្រុកបានធ្វើឡើង បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនយ៉ាងតិច ៧ ជាមួយប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ខណៈប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger