ម៉ាឡេស៊ី នឹងចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងឆ្លាតវៃ ដល់ប្រជាជននៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំង Covid-19 រួច ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ
សេដ្ឋកិច្ច March 4, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលលោក Datuk Seri Dr Adham Baba បានបង្ហើបឲ្យដឹងថាកាលពីពេលថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីនឹងចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងឆ្លាតវៃ ដល់ប្រជាជននៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងប្រឆាំង Covid-19។ បើតាមប្រភពដដែលបានបន្តថា វិញ្ញាបនប័ត្រនេះ នឹងត្រូវបានចេញក្នុងរយៈពេលមួយខែ ខណៈវាកំពុងត្រូវបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាថា វិញ្ញាបនប័ត្រនេះត្រូវបានទទួលស្គាល់ដោយប្រទេសដទៃទៀតផងដែរ។ គួររម្លឹកថា ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមដំណាក់កាលដំបូងនៃកម្មវិធីចាក់ថ្នាំបង្ការជាតិការពារវីរុស Covid-19 ចាប់តាំង​ពីថ្ងៃទី ២៤ ខែកុម្ភះ សម្រាប់ក្រុមអាទិភាព ដោយដំណាក់កាលទី ២ គ្រោងធ្វើឡើងនៅខែមេសា។

យ៉ងណាមិញមិនមែនមានតែម៉ាឡេស៊ីតែមួយទេដែលត្រៀមចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ខណៈប្រទេសថៃក៏កំពុងពិចារណាលើវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ចំពេលមានការធ្លាក់ចុះនៃការឆ្លង។ ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបញ្ជាឱ្យក្រសួងការបរទេសធ្វើការសិក្សាស្រាវជ្រាវលើការអនុម័តលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 ដើម្បីឆ្លើយតបសម្រាប់ការធ្វើដំណើរនាពេលអនាគត ក្រោមទម្លាប់ថ្មី ដែលប្រទេសដទៃកំពុងព្យាយាមផ្លាស់ប្ដូរ និងសម្របតាមនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus