សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងមហាផ្ទៃ ដកបទបញ្ជាហាមមិនឱ្យពលរដ្ឋ ដឹកទំនិញចេញ-ចូលរវាងកម្ពុជា និងប្រទេសជិតខាងជាបន្ទាន់
សេដ្ឋកិច្ច February 24, 2021 Khmernote

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងមហាផ្ទៃ ជាពិសេសេសអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដកបទបញ្ជាដែលហាមមិនឱ្យប្រជាពលរដ្ឋដឹកទំនិញចេញ-ចូល ពីកម្ពុជាទៅកាន់ប្រទេសជិតខាងនោះចេញជាបន្ទាន់។ ក្នុងសារជាសំឡេង នាថ្ងៃទី ២៤ ខែកម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា កន្លងទៅយើងបានពង្រឹងការធ្វើចត្តាឡីស័កគ្រប់គ្រងការចេញ-ចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីជាមួយប្រទេសជិតខាងនៅតែបន្តធ្វើធម្មតា។ សម្ដេចតេជោថ្លែងឱ្យដឹងថា សម្ដេចទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានដាក់បទបញ្ជានៅតាមខេត្តដែលនៅជាប់ព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសនៅច្រកខេត្តប៉ៃលិន ថាមិនឱ្យបងប្អូនខ្មែរយើងដឹកកសិផលទៅព្រំដែនថៃដូចពីមុនទៀតនោះទេ ដោយចាប់អនុវត្តន៍ពីថ្ងៃស្អែក ហើយរថយន្តរបស់ថៃបែរជាចូលមកក្នុងប្រទេសរបស់យើងវិញបាន។

សម្ដេចតេជោគូសបញ្ជាក់ថា “ប្រសិនបើយ៉ាងដូច្នេះ ខ្ញុំស្នើឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ដោយពេលនេះជារដូវកាលប្រមូលផលកសិកម្ម ដូច្នេះត្រូវជំរុញឱ្យការនាំចេញទំនិញកាន់តែច្រើន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករយើង កាន់តែល្អ”។ សម្ដេចតេជោឡើកឡើងថា មិនអាចខាងថៃដឹកទំនិញចូលបាន ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើងមិនឱ្យដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយប្រទេសវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងយើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ដូច្នេះស្នើឱ្យបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីនឹងចាត់វិធានការ ធ្វើយ៉ាងណាឱ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា កូវីដ១៩វាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ ខ្ញុំសូមស្នើឱ្យសម្ដេចក្រឡាហោមបញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះ ទៅកាន់កន្លែងណាខ្លះ សូមឱ្យដកចេញនូវបទបញ្ជានោះវិញ ព្រោះថាទំនិញវាអត់មានកូវីដនៅនឹងទំនិញទេ។ដូច្នេះស្នើឱ្យយកចិត្តទុកដាក់ទៅលើការពង្រឹកនូវការធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ីនៅតាមព្រំដែនកាន់តែធំទៅៗ។ ព្រោះទីផ្សាររបស់យើង គឺពឹងពាក់ជាមួយប្រទេសជិតខាង ដោយប្រទេសជាមិត្តនាំចូលមកយើងក៏ច្រើន យើងក៏នាំចេញទៅប្រទេសជិតខាងក៏ច្រើនដែរ។ ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា «ការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមមេត្តាឱ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោបាយនៅក្នុងប្រទេស និងនយោបាយក្រៅប្រទេស»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា កន្លងទៅយើងក៏មានការឆកល្វែងដែរ ដូចជាមានការចេញបទបញ្ជាទប់ស្កាត់មិននាំចូលត្រីពីខាងក្រៅ ដែលអាចថា ខុសទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខ័ណ្ឌ(AFTA) គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ ប៉ុន្តែយើងបានធ្វើការកែតម្រូវទៅខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង ការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាម។ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានទទូចឱ្យអាជ្ញាធរខេត្តនៅតាមព្រំដែន យកការទទួលខុសត្រូវ ហើយរាយការណ៍ដោយត្រង់មកកាន់សម្ដេចតេជោតែម្ដង ប្រសិនបើមានបញ្ហា ទាក់ទិនជាមួយនឹងការរអាក់រអួលទៅលើពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន