កុំភ័យខ្លាចខ្វះទីផ្សារ! ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហការជាមួយក្រុមហ៊ុនឯកជនបង្កើតផ្សារបន្លែសុវត្ថិភាពខ្មែរ សម្រាប់ទទួលទិញបន្លែ ពីកសិករហើយក្នុងតម្លៃល្អទៀត
សេដ្ឋកិច្ច February 18, 2021 Khmernote

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានសហការជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតផ្សារ បន្លែសុវត្ថិភាពខ្មែរ សម្រាប់ទទួលទិញបន្លែ ពីកសិករដែលខ្វះទីផ្សារ ដោយមានការចុះកិច្ចសន្យា ក្នុងការដាំដុះជាមួយកសិករយ៉ាងត្រឹមត្រូវ ហើយធានាដល់ការផ្គត់ផ្គង់ដោយទៀងទាត់ និងរក្សាតម្លៃបានល្អ ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំ ធនាគារធនា គារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បានផ្តួចផ្តើមគំនិត បង្កើតទីផ្សារកសិផលមួយ ដែលមានឈ្មោះថា «ផ្សារបន្លែ សុវត្ថិភាពខ្មែរ» ដែលជាភ្នាក់ងារ មួយ ទទួលទិញបន្លែសុវត្ថិភាព ពីកសិករក្នុងតម្លៃទីផ្សារពិត ប្រាកដ និងតម្លៃដែលបាន ព្រមព្រៀងគ្នាក្នុងកិច្ចសន្យា ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ ដែលប្រជាកសិករកំពុងជួបប្រទះ ។

ឯកឧត្តម បន្តថា ចំពោះកសិករណាដែលមិនទាន់មានទីផ្សារ អាចស្នើសុំកិច្ចសហការជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញបន្លែពីកសិករ ដែលបានដើរតួនាទីជាផ្សារបោះដុំ មានការគ្រប់គ្រងតម្លៃ និងគុណភាពបាន យ៉ាងត្រឹមត្រូវ ។ « សម្រាប់បងប្អូនណាដែលមិនទាន់មានទីផ្សារ គឺគាត់ឱ្យចូលធ្វើ Contract farming ដែលបងប្អូនយើងគាត់ លក់ទៅឱ្យខាងទីផ្សារនេះទៅ ហើយខាងសុវត្ថិភាពខ្មែរនេះ ដែលហៅថា( CJ R griBusiness ) នេះ ហើយដែលបន្លែសុវត្ថិភាពខ្មែរនេះ គាត់គឺជាអ្នកControll ទាំង Quality ដើម្បីរុញចូលទីផ្សារ ដែលគាត់ដើរតួនាទីជាផ្សារបោះដុំ ដើម្បីរុញចូលទៅក្នុងទីផ្សារបន្លែសុវត្ថិភាពដទៃទៀត » ។

ឯកឧត្តម បានណែនាំដល់អ្នកដាំដុះបន្លែទាំងអស់ ត្រូវគិតគូរពីសុខ ភាពរបស់ខ្លួន កាលណាមានការគិតគូរខ្ពស់ពីបញ្ហានេះ កសិករនឹងប្រើប្រាស់ជី ថ្នាំកសិកម្ម ទៅតាមការកំណត់ និងគោរពតាមភូតគាមអនាម័យ ហើយត្រូវអនុវត្តន៍ទៅតាមផែនការដាំដុះ ដោយចាប់ផ្ដើមពង្រឹងខ្លួនសម្រាប់ធ្វើឯកទេសកម្ម រើសមុខដំណាំតែមួយមុខឬពីរមុខ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការផ្គត់ផ្គង់លើទីផ្សារនេះ ។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជាត្រូវការបន្លែប្រមាណ ១លាន៤៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចន្លោះ៧០០ទៅ ៨០០លានដុល្លារសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ប៉ុន្ដែកម្ពុជាមានសមត្ថភាពផលិតបន្លែខ្លួនឯងបានតែចន្លោះពី៦០ទៅ៦៥ភាគរយប៉ុណ្ណោះ ដែលទាមទារបង្កើនការដំាដុះឱ្យបានច្រើនថែមទៀតដើម្បីឆ្លើយតប តម្រូវការទីផ្សារ៕

ប្រភព៖ ក្រសួងព័ត៌មាន