ទិន្នន័យបានបង្ហាញកាលពីច័ន្ទថា សេដ្ឋកិច្ចនៅប្រទេសថៃ បានទទួលរងនូវលទ្ធផលអាក្រក់បំផុតពេញមួយឆ្នាំ មិនធ្លាប់មានក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែការរាតត្បាតនៃវីរុស Covid-19។ មន្រ្តីនៃប្រទេសនេះបានលើកឡើងថា សេដ្ឋកិច្ចបានធ្លាក់ចុះភាគច្រើន ដោយារតែការដួលរំលំនៃវិស័យទេសចរណ៍ និងចលាចលផ្នែកនយោបាយដែលកំពុងកើតមាន។ ប្រភពដដែលបានឲ្យដឹងថា កាលពីឆ្នាំមុន សេដ្ឋកិច្ចធ្លាក់ចុះ ៦.១ភាគរយ ពោល គឺអាក្រក់បំផុតចាប់តាំងពីការធ្លាក់ចុះ ៧.៦ ភាគរយក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ១៩៩៧ ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងក្នុងល្បឿនយឺតជាងការព្យាករណ៍ដំបូងក្នុងឆ្នាំ ២០២១ ។
ជាមួយគ្នានេះដែរ ភ្ញៀវទេសចរប្រមាណ ៤០ លាននាក់ត្រូវបានគេរំពឹងថានឹងមកដល់នៅឆ្នាំ ២០២០ ប៉ុន្តែដោយសារវីរុសរាតត្បាត បានបង្ខាំងការធ្វើដំណើររបស់អ្នកទេសចរ និងនៅពេលដែលការធ្វើដំណើរអន្តរជាតិឈានដល់កម្រិតមួយដែលមិនធ្លាប់មាន ហើយអវត្តមានរបស់ពួកគេបានរារាំងវិស័យសេវាកម្មរបស់ប្រទេសថៃដូចជា ការកំសាន្ត ការលក់រាយ សណ្ឋាគារ និងភោជនីយដ្ឋាន។ លើសពីនេះ សេដ្ឋកិច្ចធ្លាក់ចុះ គឺបណ្ដាលមកពីកត្តាចលនាបាតុកម្មដឹកនាំដោយយុវជនដែលកំពុងអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា លាលែងពីតំណែង កំណែទម្រង់រដ្ឋធម្មនុញ្ញ និងការផ្លាស់ប្តូររបបរាជានិយមដែលមិនអាចគ្រប់គ្រងបាន ខណៈសេដ្ឋកិច្ចថៃពឹងផ្អែកលើការវិនិយោគនិងការនាំចេញ ហើយស្ថានភាពនយោបាយនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។

ទោះបីជាយាងណាក្ដី លោក Danucha Pichayanan អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (NESDC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “វាបានស្ទុះងើបឡើងវិញពីត្រីមាសមុនដោយសារកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានបង្កើនការចំណាយ” ។ ឆ្លើយតបទៅនឹងការធ្លាក់ចុះនៃជំងឺរាតត្បាត រដ្ឋាភិបាលបានអនុវត្តនូវកញ្ចប់ថវិកាជំរុញចំនួន ១.៩ ទ្រីលានបាត (៥៩.៧ ពាន់លានដុល្លារ) កញ្ចប់ថវិកា និងការលើកទឹកចិត្តពន្ធ។ លោក Danucha បានមានប្រសាសន៍បន្ថែមថា ការកែលម្អសេដ្ឋកិច្ចបន្ថែមទៀតនឹងពឹងផ្អែកលើការគ្រប់គ្រងជំងឺរាតត្បាត និងជំរុញភ្ញៀវទេសចរ។ ខណៈការផ្ទុះឡើង និងការចាក់វ៉ាក់សាំង រួមជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺជាកត្តាសេដ្ឋកិច្ចចម្បងនៅឆ្នាំនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ thaipbsworld


