ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ចាប់យានយន្តដឹកលើសទម្ងន់កំណត់បានសរុប ៥៨៦.១០៣ម៉ឺនគ្រឿង ក្នុងចំណោមយានយន្តដែលបានហៅឃាត់ដើម្បីត្រួតពិនិត្យនៅតាមគោលដៅជាង ២លានគ្រឿង។ របាយការណ៍របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលចែកផ្សព្វផ្សាយក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ បានបញ្ជាក់ថា ការដឹកលើសទម្ងន់នេះ ចាប់ពីផ្ទុកលើសទម្ងន់ក្រោម៥ភាគរយ រហូតដល់ផ្ទុកលើសទម្ងន់លើសពី២០ភាគរយ។ ប៉ុន្តែក្នុងចំណោមរថយន្តដែលផ្ទុកលើសទម្ងន់កំណត់ជាង ៥៨ម៉ឺនគ្រឿងនេះ គឺមានតែរថយន្តចំនួន ៣.២៨៩គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផាកពិន័យ ដោយមានទឹកប្រាក់សរុបជិត ៦ពាន់លានរៀល ឬ ប្រហាក់ប្រហែលជា១លាន៤សែនដុល្លារអាមេរិក។
ឯកឧត្តម សេង ឈួន បានឱ្យដឹងថា ការណ៍ដែលនៅបន្តមានការដឹកលើសទម្ងន់កំណត់នេះ គឺដោយសារមានផ្លូវវាងច្រើនដែលជាហេតុធ្វើឱ្យរថយន្តល្មើសអាចគេចវាងពីស្ថានីយជញ្ជីងបាន។ ជាមួយគ្នានេះ ក៏មានការរំខានពីអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈនៅតាមស្ថានីយជញ្ជីងអចល័ត ទន្ទឹមគ្នានឹងឧបសគ្គដែលនៅមានរថយន្តប្រើប្រាស់សញ្ញាសម្គាល់(LOGO) ដោយមានការអន្តរាគមន៍ និងគម្រាមកំហែងដល់មន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័ត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់រថយន្ត និងក្រុមហ៊ុនដឹកជញ្ជូននានា កុំឱ្យដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលធ្វើឱ្យផ្លូវឆាប់ខូច។ ឯកឧត្តមទេសរដ្ឋមន្ត្រី ពន្យល់ថា បើរថយន្តមួយគ្រឿងដឹកលើសទម្ងន់កំណត់ចំនួន១០តោន គឺស្មើនឹងរថយន្ត១ម៉ឺនគ្រឿងដឹកទំនិញលើផ្លូវ។

ច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់៤លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តបទល្មើស។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេស មានស្ថានីយថ្លឹងយានយន្តសរុប២៨កន្លែង មានដូចជានៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ជាដើម៕


ប្រភព៖ ក្រសួងព័ត៌មាន


