ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើប្រធានសភាពាណិជ្ជកម្មអឺរ៉ុបថ្មីប្រចាំនៅកម្ពុជា ជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើន ថែមទៀត។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Tassilo Brinzer នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។
ឯកឧត្តម វេង សាខុន បានជម្រាបជូនប្រតិភូអំពីដំណើរការវិវត្ដន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធា នាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការនាំចេញកសិផលទាំងនេះ រួមមាន អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ដូច្នេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានសុំឱ្យសភាពាណិជ្ជកម្មអឺរ៉ុបជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាបាន អរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានទទួលជួបប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ក្នុងគោលដៅដើម្បីពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ លោកបានបន្ដថា បើទោះបីកម្ពុជាបាននិងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំអភិវឌ្ឍន៍វិស័យមួយនេះ ឱ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ។

លោកប្រធានក៏បានគូសបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយរាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន


