អត្រាគ្មានការងារធ្វើរបស់ម៉ាឡេស៊ីកើនឡើងដល់កំរិតខ្ពស់បំផុត ខណៈមនុស្សជាង ៧៧ម៉ឺននាក់គ្មានការងារធ្វើក្នុងខែធ្នូឆ្នាំមុន
សេដ្ឋកិច្ច February 16, 2021 Khmernote

អត្រាគ្មានការងារធ្វើរបស់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៤.៥% នៅឆ្នាំ២០២០ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៣ នៅពេលដែលប្រទេសត្រូវបានគេកត់ត្រាទុកនៅត្រឹម ៤.១% នេះបើយោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM)។ ប្រធានស្ថិតិ Mohd Uzir Mahidin បានឲ្យដឹងថា មនុស្ស ៧៧២,៩០០នាក់ផ្សេងទៀត គ្មានការងារធ្វើនៅក្នុងខែធ្នូឆ្នាំ២០២០ កើនឡើង ៤.៨% ពីមួយខែទៅមួយខែ ខណៈពេលដែលចំនួនអ្នកធ្វើការបានកើនឡើងត្រឹមតែ ០.១% ពីមួយខែទៅមួយខែ ស្មើនឹង ១៩,៣០០។

ជាមួយគ្នានេះអត្រាកម្លាំងពលកម្ម (LFPR) ក្នុងឆ្នាំ២០២០ នៅតែមាន ៦៨.៤% ពោល គឺធ្លាក់ចុះ ០.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយបញ្ហានេះលោក Mohd Uzir បាននិយាយថា ប្រទេសនេះបានជួបប្រទះនឹងតម្រូវការកម្លាំងពលកម្មទាបនៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 និងវិបត្តិសុខភាព ដែលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើកម្លាំងពលកម្ម ហើយនាំឱ្យអត្រាគ្មានការងារធ្វើឈានដល់កម្រិត ៤% ធៀបនឹងអត្រាមធ្យម ៣% ដែលបានកត់ត្រាទុកនៅក្នុងរយៈពេលមុនមានវិបត្ដិ។

លើសពីនេះទៅទៀតលោកបានបន្ថែមថា ទីផ្សារការងាររបស់ប្រទេសម៉ាឡេស៊ីនឹងស្ថិតនៅក្នុងស្ថានភាពលំបាកមួយនៅដើមឆ្នាំ២០២១ ប៉ុន្តែជំនួយនិងគំនិតផ្តួចផ្តើមផ្សេងៗ ដែលត្រូវបានណែនាំដោយរដ្ឋាភិបាលនឹងជួយទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតនៅលើទីផ្សារការងារ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus