នាយករដ្ឋមន្រ្តីថៃ អនុម័តថវិកាប្រមាណ ១២៨ លានដុល្លារ ដើម្បីធានាតម្លៃស្រូវ និងជួយដល់កសិករ
សេដ្ឋកិច្ច February 15, 2021 Khmernote

គណៈកម្មាធិការគោលនយោបាយស្រូវជាតិដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា កាលពីពេលថ្មីៗនេះបានអនុម័តការចំណាយបន្ថែមចំនួន ៣.៨៣ ពាន់លានបាត (ប្រមាណជា ១២៨ លានដុល្លារ) សម្រាប់គម្រោងធានាតម្លៃស្រូវ ដែលឧបត្ថម្ភដោយរដ្ឋ សម្រាប់ឆ្នាំដាំ ២០២០-២១។ ការអនុម័តថវិកានេះ បានបង្កើនការចំណាយសរុបរហូតដល់ ៥០.៦ ពាន់លានបាតក្នុងរដូវកាលប្រមូលផលនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Buraphachaisri ថវិកាយ៉ាងច្រើនបែបនេះត្រូវបានគេបម្រុងទុក ដោយសារតែមានអ្នកចុះឈ្មោះបន្ថែមនៅក្នុងគម្រោងនេះ។

ជាក់ស្ដែងគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ មានគ្រួសារចំនួន ៤.៦៨ លានគ្រួសារដែលមានដីស្រែចំនួន ៦១.២ លានរ៉ៃបានចុះបញ្ជីជាមួយគម្រោងនេះ ពោលគឺកើនឡើងពី ៤.៥៧ លានគ្រួសារដែលមាន ៥៦ លានរ៉ៃ។ ជាមួយគ្នានេះក្រសួងកសិកម្ម និងសហករណ៍បានរាយការណ៍កាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងលើកកម្ពស់ដីស្រែចំនួន ៥៩.៩ លានរ៉ៃ ដោយមានស្រូវចំនួន ២៤.៧លានតោន នៅក្នុងដំណាំសំខាន់ឆ្នាំ២០២០-២០១២។ ចំពោះដំណាំខុសរដូវវិញក្រសួងគ្រោងនឹងលើកកម្ពស់ ៣.១២ លានរ៉ៃ ដែលមាន ២.០៧ លានតោន ប៉ុន្តែគិតត្រឹមថ្ងៃទី ៣ ខែកុម្ភៈបរិមាណ ដីស្រែបានកើនឡើងដល់ ៧.៥៥ លានរ៉ៃរួចហើយ។

គួរបញ្ជាកផងដែរថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានផ្តល់សិទ្ធិអំណាចដល់ភ្នាក់ងារពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើកំណែទម្រង់វិស័យកសិកម្មក្នុងគោលបំណងបង្កើនតម្លៃ និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់វិស័យនេះ។ឧត្តមសេនីយ៍ប្រាយុទ្ធ ក៏បានឯកភាពលើអង្គភាពផែនការរដ្ឋ គឺក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារដែលពាក់ព័ន្ធដូចជា ការិយាល័យថវិកានិងហិរញ្ញវត្ថុ កសិកម្មនិងសហករណ៍ ឧស្សាហកម្មនិងក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រឌិត ដោយកំណែទម្រង់នេះ ក្នុងគោលបំណងបង្កើនតម្លៃផលិតផលកសិកម្ម បង្កើនប្រាក់ចំណូលសហគមន៍ និងបង្កើនគុណភាពដំណាំ។

ទន្ទឹមនឹងនេះលោកបានទទូចថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តគាំទ្រវិស័យកសិកម្មតាមរយៈគម្រោងផ្សេងៗដូចជា គ្រោងការណ៍កាត់បន្ថយកត្តាផលិតកម្ម និងការគ្រប់គ្រងទីផ្សារ និងគ្រោងការណ៍ធានារ៉ាប់រង។ គួរម្លឹកផងដែរថា កាលពីខែមករាក្រសួងពាណិជ្ជកម្មបានកំណត់ទិសដៅសម្រាប់ការនាំចេញអង្ករចំនួន ៦ លានតោននៅឆ្នាំនេះ ពោលគឺខ្ពស់ជាងការនាំចេញចំនួន ៥.៧២ លានតោនកាលពីឆ្នាំមុនបន្តិច៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost