ប្រទេសថៃរំពឹងនាំចេញអង្ករឱ្យបាន ៦លានតោន នៅឆ្នាំ២០២១នេះ ក្រោយខាតជិត ២៥% កាលពីឆ្នាំមុន
សេដ្ឋកិច្ច February 10, 2021 Khmernote

ក្រសួងពាណិជ្ជកម្មថៃ (FTD) កាលពីថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ បាននិយាយថា គោលដៅនាំចេញអង្កររបស់ប្រទេសថៃត្រូវបានកំណត់ត្រឹម ៦ លានតោនក្នុងឆ្នាំ២០២១នេះ។ លោក Keerati Rushchano អគ្គនាយក FTD បាននិយាយថា គោលដៅត្រូវបានកំណត់បែបនេះ បន្ទាប់ពីមានកិច្ចពិភាក្សារវាងនាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមនាំចេញអង្ករថៃ។ លោកបាននិយាយថា ការកំណត់គោលដៅនាំចេញនេះគឺជារឿងសមហេតុផលមួយ ប៉ុន្តែអ្វីដែលពិបាកគឺតម្លៃរបស់អង្ករថៃ ដោយសារថាអង្ករគូប្រជែងដូចជាវៀតណាម និងឥណ្ឌា មានតម្លៃធូរធ្លៃជាងអង្ករថៃ។ កត្តាផ្សេងទៀតគឺគ្មានកុងតឺន័រដាក់អង្ករ និងការធ្លាក់ចុះនៃការទិញរបស់ប្រទេសនាំចូល ដោយសារតែវិបត្តិនៃជំងឺរាតត្បាត COVID-19 ។

លោក Keerati បានបន្ថែមថា អត្រាប្តូរប្រាក់បាត គឺជាគន្លឹះសំខាន់ដើម្បីបំពេញតាមគោលដៅនាំចេញនេះ។ ការប្រកួតប្រជែងរបស់អង្ករថៃ ត្រូវពឹងផ្អែកលើការផ្តល់គុណភាពខ្ពស់ និងការចែកចាយតាមពេលវេលាកំណត់។ ឆ្នាំមុនការនាំអង្ករចេញរបស់ថៃបានធ្លាក់ចុះ ២៤.៥៤ % នៅត្រឹម ៥.៧២ លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ខណៈតម្លៃនាំចេញបានធ្លាក់ចុះ ១១.២៣ % នៅត្រឹម ៣.៧២ ពាន់លានដុល្លារ។ ទីផ្សារនាំចេញអង្ករធំជាងគេពីប្រទេសថៃកាលពីឆ្នាំមុនគឺអាហ្វ្រិកខាងត្បូង ដែលស្មើនឹង ៦៧២.៧៧ តោន ឬ ១១.៧៥% នៃការនាំចេញអង្ករសរុប។ សហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទី២ ដោយមាន ៦៧២.១៨ តោន ឬ ១១.៧៤% និងចិនបាននាំចូលលំដាប់ទី៤ ដោយបាននាំចូលអង្ករ ៣៨១.៣៦ តោនឬ ៦.៦៦% នៃការនាំចេញអង្ករសរុប។

ក្នុងនោះមាន ១.៩ លានតោន គឺជាអង្ករស, ១.៤៥ លានតោន គឺជាផ្កាម្លិះថៃ, ១.៤៩ លានតោនជាអង្ករ​សរីរាង្គ​ និងអង្ករស្អិត ០.២៨ លានតោន។ ការធ្លាក់ចុះការនាំចេញកាលពីឆ្នាំមុនរបស់ប្រទេសថៃ ត្រូវបានស្តីបន្ទោសជាចម្បងដោយសារការឡើងថ្លៃប្រាក់បាត។ វាក៏ប្រឈមនឹងការប្រកួតប្រជែងពីការនាំចេញអង្កររបស់ចិនទៅកាន់អាហ្វ្រិកខាងត្បូងផងដែរ។ ចំណែកឥណ្ឌាគឺជាប្រទេសនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន ដោយបានដឹកជញ្ជូនអង្ករនាំចេញបាន ១៣.៦១ លានតោន ហើយក្នុងនោះមាន ៥.៩៦ លានតោន ទៅកាន់ប្រទេសវៀតណាម, ៥.៧២ លានតោន ទៅកាន់ប្រទេសថៃ និង ៣.៥៥ លានតោនទៅកាន់ប្រទេសប៉ាគីស្ថាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand