យោងតាមស្ថិតិគយបានបង្ហាញថា ប្រទេសវៀតណាមបាននាំចូលសាច់ជ្រូកជាង ១៤១,០០០តោន ដោយគិតជាទឹកប្រាក់ស្មើនឹង ៣៣៣.៤ លានដុល្លារក្នុងឆ្នាំ២០២០ ដោយតួលេខនេះតំណាងឲ្យការកើនឡើង ៣៨២% និង៥០០% រៀងគ្នាធៀបនឹងឆ្នាំមុន។ បើតាមប្រភពដដែលបានឲ្យដឹងថា ការកើនឡើងនៃការនាំចូល គឺដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់សាច់ជ្រូកដែលបណ្តាលមកពីជំងឺគ្រុនក្តៅជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យតម្លៃសាច់ក្នុងស្រុកកើនឡើងក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ សាច់ជ្រូកត្រូវបាននាំចូលជាចម្បងពីប្រទេស ប្រេស៊ីល រុស្ស៊ី ប៉ូឡូញ អាមេរិក និងកាណាដា ខណៈប្រេស៊ីល គឺជាអ្នកនាំចេញសាច់ជ្រូកធំជាងគេទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលមានចំនួន ២៤.៥% នៃបរិមាណនាំចូល។
ដោយឡែកបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា បានអនុម័តប្រទេសចំនួន ២៥ ឲ្យនាំចេញសាច់សត្វ និងសាច់បសុបក្សីទៅកាន់ប្រទេសវៀតណាមក្នុងនោះមានសហគ្រាសជាង ៨០០ មកពី ១៩ប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញសាច់ជ្រូកទៅកាន់ប្រទេសវៀតណាមផងដែរ។ គួរបញ្ជាក់ថា ប្រទេសវៀតណាមបាននាំចូលជ្រូកជាង ៤៣,៣០០ ក្បាលសម្រាប់បង្កាត់ពូជដែលភាគច្រើនមកពីប្រទេសថៃ កាណាដា អាមេរិក ដាណឺម៉ាក និងតៃវ៉ាន់។ ទន្ទឹមនឹងនេះ បច្ចុប្បន្នប្រទេសវៀតណាមមានជ្រូកចំនួន ២៧.៣លានក្បាល ដែលកើនឡើង ២១% ក្នុងរយៈពេលមួយឆ្នាំមុន និងស្មើនឹង ៨៨.៧% មុនពេលដែលជំងឺរាតត្បាតបានរីករាលដាល៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


