ឆ្នាំនេះមិនដូចឆ្នាំមុន ខណៈវីរុសរាតត្បាតធ្វើឲ្យការចំណាយក្នុងបុណ្យចូលឆ្នាំចិននៅប្រទេសថៃឆ្នាំនេះ នឹងធ្លាក់ចុះជាង ៤០០ លានដុល្លារ
សេដ្ឋកិច្ច February 9, 2021 Khmernote

សភាពាណិជ្ជកម្មថៃ បានរំពឹងថាការចំណាយក្នុងឱកាសបុណ្យចូលឆ្នាំចិននៅឆ្នាំ២០២១នេះ​ នឹងធ្លាក់ចុះចំនួន ១២ពាន់លានបាត (ប្រមាណជាង ៤០០ លានដុល្លារ) បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលចំនួននេះគឺស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ១៣ឆ្នាំកន្លងមក។ បើតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្មថៃពីឥរិយាបទក្នុងការចំណាយរបស់ប្រជាជនទូទាំងប្រទេស បានព្យាករណ៍ថា ការចំណាយក្នុងពិធីបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃសុក្រនេះ (ថ្ងៃទី ១២ ខែកុម្ភៈ) នឹងមាន ៤៤.៩៣៩ ពាន់លានបាត ធ្លាក់ចុះ ២១.៨៥% ពីឆ្នាំមុន។

បើតាមលោក Thanawat Phonvichai អ្នកប្រឹក្សានៅមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចំណាយក្នុងថ្ងៃឈប់សម្រាកដ៏ធំមួយនេះ គឺដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុស Covid-19 ថ្មី ដែលវាយប្រហារទៅលើប្រាក់ចំណូលរបស់ប្រជាជន។ ទោះយ៉ាងណាលោក ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចនិងការចំណាយរបស់អតិថិជននឹងចាប់ផ្តើមងើបឡើងវិញនៅចុងខែកុម្ភៈ ដោយសាររដ្ឋាភិបាលបាបញ្ចូលថវិកាតាមរយៈវិធានការណ៍សង្គ្រោះផ្សេងៗ។

គួរបញ្ជាក់ផងដែរថា បើតាមការរាយការណ៍របស់ទីប្រឹក្សាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសភាពាណិជ្ជកម្មថៃ ៤២% នៃអ្នកឆ្លើយតបការស្ទង់មតិបាននិយាយថា ពួកគេនឹងកាត់បន្ថយការចំណាយរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំចិនដោយសារបញ្ហាសេដ្ឋកិច្ ចនិងបន្ទុកហិរញ្ញវត្ថុកាន់តែអាក្រក់ទៅៗ ។ ទន្ទឹមនឹងនេះដែរ ៣៣.២% នឹងចំណាយចំនួនដូចគ្នានឹងឆ្នាំមុន ហើយ ២៤.៦% នឹងចំណាយច្រើនជាងនេះ ដោយសារតែតម្លៃទំនិញកាន់តែខ្ពស់ ទទួលប្រាក់រង្វាន់ច្រើន ឬ ការងាររបស់​ពួកគេល្អប្រសើរក្នុងអំឡុងពេលមានវិបត្តិវីរុស៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand