គិតត្រឹមតែ ១ឆ្នាំដែលកូវីដវាយលុក ហ្វីលីពីនខាតចំណូលជាង ៨ពាន់លានដុល្លារពីវិស័យទេសចរដែលជាបង្គោលដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ច
ទេសចរណ៍ February 6, 2021 Khmernote

ប្រទេសហ្វីលីពីនបានខាតបង់ថវិកាប្រមាណជា ៤០០ ពាន់លានប៉េសូ ស្មើនឹង ៨.៣ ពាន់លានដុល្លារអាមេរិក នៅក្នុងចំណូលវិស័យទេសចរណ៍ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ មន្រ្តីទទួលបន្ទុកផ្នែកទេសចរណ៍លោក Roberto Alabado បានប្រាប់អង្គសន្និបាតសភាថា មានតែភ្ញៀវទេសចរបរទេសចំនួន ១.៣ លាននាក់ប៉ុណ្ណោះ ដែលបានទៅទស្សនាប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២០ ឬ ទាបជាង​ ៨០% នៃចំនួនភ្ញៀវទេសចរណ៍ ៨.៣ លាននាក់ដែលមកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីឆ្នាំ ២០១៩។

មន្រ្តីរូបនេះបានបន្តឲ្យដឹងថា ការធ្លាក់ចុះយ៉ាងរហ័សនៃចំនួ​នភ្ញៀវទេសចរបានប៉ះពាល់ដល់ការងារប្រហែល ៥.៧ លាននៅក្នុងវិស័យទេសចរណ៍ ហើយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ ព្រោះវិស័យនេះបានចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ឧស្សាហកម្មទេសចរណ៍បានចូលរួមចំណែក ១២.៧% ដល់សេដ្ឋកិច្ចហ្វីលីពីនក្នុងឆ្នាំ២០១៩ ។

គួរម្លឹកផងដែរថា ការរាតត្បាតនៃវីរុស Covid-19 បានបង្ខំឱ្យប្រទេសហ្វីលីពីន និងប្រទេសជាច្រើន បានដាក់ចេញនូវវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលរបស់វីរុសដោយការបិទព្រំដែន។ វិធានការការទាំងនេះ បានបញ្ឈប់សកម្មភាពទេសចរណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់សហគ្រាសផ្សេងៗ និងការផ្លាស់ទីលំនៅរបស់បុគ្គលិក។ យ៉ាងណាមិញរដ្ឋាភិបាលហ្វីលីពីនកំពុងបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរក្នុងប្រទេសបន្តិចម្តងៗ ព្រោះរដ្ឋាភិបាលបានចាប់ផ្តើមបើកទិសដៅសម្រាប់ការធ្វើដំណើរក្នុងស្រុកដោយមានពិធីសារស្តីពីសុខភាព និងសុវត្ថិភាព៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus