ក្រសួងកសិកម្ម បញ្ជាក់ថា មានមូលហេតុពីរយ៉ាង ដែលបណ្ដាលឲ្យតម្លៃស្វាយនារដូវនេះធ្លាក់ចុះ
សេដ្ឋកិច្ច February 5, 2021 Khmernote

ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងថា ការធ្លាក់ចុះតម្លៃស្វាយនារដូវនេះ ដោយសារផលិតផលស្វាយមិនស្របតាម ស្តង់ដារនាំចេញ និងចំរដូវកាលបុណ្យចូលឆ្នាំចិនដែលពាណិជ្ជករផ្អាកការបញ្ជាទិញ ដូច្នេះសូមឱ្យអ្នកដាំដុះទាំងអស់ទៅចុះបញ្ជីកសិដ្ឋាន ឱ្យស្រប តាមស្តង់ដារភូតគាមអនាម័យសម្រាប់ការនាំចេញ។ ការបង្ហាញរបស់ក្រសួងកសិកម្មចំពោះតម្លៃស្វាយនាពេលនេះ ខណៈដែលកាលពីពេល ថ្មីៗនេះមានព័ត៌មានមួយចំនួនបានលើកឡើងអំពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ចុះនៅតំបន់មួយចំនួនដែលធ្វើឱ្យអ្នកដាំដុះស្វាយមានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។

ក្រសួងបានបញ្ជាក់ថា ជាទូទៅ ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក គឺតម្លៃផលិតផលកសិកម្ម រួមទាំងស្វាយផងដែរ មានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការ។ ជាក់ស្តែង ដើមឆ្នាំនេះផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាលប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាបដោយមូលហេតុថា ផ្លែស្វាយមិនទាន់មានគុណភាពល្អ ស្របតាមស្តង់ដារ ដូចជាមានទំហំតូច គ្មានសោភ័ណភាពនិងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុនស្របពេលនឹងរដូវកាលចូលឆ្នាំប្រពៃណីវៀតណាម និងចិន ធ្វើឱ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។

ប្រភពដដែលបន្តថា ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងសារជាថ្មីដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមរួសរាន់ធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃនិង នាំចេញ។

ជាក់ស្តែង ក្នុងគោលដៅជំរុញការនាំផ្លែស្វាយទៅប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងផ្ញើជូនកសិដ្ឋានដែល បានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសចិនចំនួន២៥កសិដ្ឋាននិងរោងចក្រប្រព្រឹត្តកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាងសង់រួចរាល់ចំនួន ៣បន្ថែមទៀតនៅប្រទេសចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ សរុបមក កម្ពុជានឹងមានកសិដ្ឋានចំនួន៣០ និងរោងចក្រប្រព្រឹត្តកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន០៤ ដែលប្រទេសចិន នឹងពិនិត្យសម្រេចអនុញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ៕

ប្រភព៖ ក្រសួងព័ត៌មាន