នាយករដ្ឋមន្រ្តីថៃ អនុម័តលើកញ្ចប់ជំនួយជាង ១.៣ ពាន់លានដុល្លារ ជួយសម្រួលទុក្ខលំបាកបុគ្គលិក និងសម្រាប់តែជនជាតិថៃតែប៉ុណ្ណោះ
សេដ្ឋកិច្ច February 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានបើកភ្លើងខៀវដល់ការផ្ដល់ជំនួយហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយភាពលំបាករបស់នយោជិកដែលស្ថិតនៅក្រោមប្រព័ន្ធសន្តិសុខសង្គម។ ប្រភពដដែលបានឲ្យដឹងថា គម្រោងនេះនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវខាតបង់ថវិកាប្រមាណ ៤០ពាន់លានបាត (ប្រមាណជាង ១.៣ ពាន់លានបាត) ដែលនយោជិកប្រហែល ៩លាននាក់នៃក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមមាត្រា ៣៣ នៃច្បាប់សន្តិសុខសង្គម នឹងទទួលបានជំនួយនេះ ខណៈដែលនយោជិកទាំងនេះមិនដែលទទួលបានកញ្ចប់ជំនួយ Covid-19 ណាមួយឡើយពីរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ និយោជិកម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ១០០០បាត (ប្រមាណ ៣៣ដុល្លារ) ដែលចាប់ផ្តើមនៅខែក្រោយ រហូតដល់ការទូទាត់ប្រាក់ច្រើនបំផុតចាប់ពី ៣៥០០-៤៥០០បាត។ លើសពីនេះកញ្ចប់ជំនួយអាចនឹងដាក់ទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅសប្តាហ៍ក្រោយ។ ដោយឡែក ដើម្បីទទួលបានជំនួយនយោជិកត្រូវតែជាជនជាតិថៃដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ ដែលត្រូវបានធានារ៉ាប់រងក្រោមមាត្រា ៣៣ និងមានប្រាក់បញ្ញើពីធនាគារមិនលើសពី ៥០០,០០០ បាត។

គួរបញ្ជាក់ផងដែរថា ការផ្ទុះឡើងនៃវីរុសរាតត្បាត Covid-19 បានប៉ះពាល់ដល់ទីផ្សារការងារថៃយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំចុងក្រោយ ដែលបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើងខ្ពស់ និងកម្មករជាច្រើនដែលគ្មានការងារធ្វើ ហើយទាំងនេះបានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ។ ជាក់ស្ដែងនៅ ឆមាសទីមួយនៃឆ្នាំ២០២០ ប្រទេសថៃបានឃើញការខាតបង់ការងារចំនួន ៣៤០,០០០ ដោយការកាត់បន្ថយម៉ោងធ្វើការប្រហែល ៣ ម៉ោងសំរាប់ស្ត្រី និង ២ ម៉ោងសំរាប់បុរស រីឯប្រាក់ឈ្នួលរបស់វិស័យឯកជនក៏បានធ្លាក់ចុះ ១.៦% ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost