ប្រទេសចិនកាលពីថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសពីផែនការផ្ដល់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ១០លានដូសទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈគំនិតផ្ដួចផ្ដើម COVAX នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនកំពុងឆ្លើយតបទៅនឹងសំណើរបស់អង្គការសុខភាពពិភពលោក នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងព្យាយាមបំពេញកង្វះខាតដែលបានព្យាករថានឹងដំណើរការនៅខែមីនា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីវ៉ាក់សាំងដែលប្រទេសចិនបានផ្តល់ទៅឱ្យ COVAX នោះទេ។
គួរឲ្យដឹងថា COVAX ត្រូវបានសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធវ៉ាក់សាំងដើម្បីធានាថា បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមទទួលបានការចាក់ថ្នាំបង្ការរោគគ្រប់គ្រាន់ ខណៈដែលប្រទេសអ្នកមានស្តុកស្តម្ភបានបង្កើនចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃថ្នាំវ៉ាក់សាំងនាពេលខាងមុខនេះ ពីក្រុមហ៊ុនផលិតវ៉ាក់សាំងភាគខាងលិច។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Wang Wenbin បានមានប្រសាសន៍ថា៖ « យើងសង្ឃឹមថាបណ្តាប្រទេសនៅក្នុងសហគមន៍អន្តរជាតិដែលមានសមត្ថភាពនឹងឈានទៅរកសកម្មភាពគាំទ្រ COVAX តាមរយៈសកម្មភាពជាក់ស្តែង គាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោក ជួយប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលថ្នាំបង្ការឱ្យបានទាន់ពេលវេលា និងរួមចំណែកក្នុងការយកឈ្នះជំងឺរាតត្បាត។

សូមបញ្ជាក់ផងដែរថា កាលពីខែមុនក្រុមហ៊ុន Pfizer បានប្តេជ្ញាផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន ៤០លានដូសក្នុងឆ្នាំនេះ តាមរយៈ COVAX ខណៈសម្ព័ន្ធនេះក៏មានវ៉ាក់សាំងចំនួន ១៥០ លានដូសដែលត្រូវបានបង្កើតឡើងដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ។ ជាមួយគ្នានេះដែរប្រទេសចិនបានបញ្ជូនវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ខ្លួនមួយចំនួនធំទៅប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសនេះបានបន្តកិច្ចព្រមព្រៀងទ្វេភាគី ឬ បរិច្ចាគជាមួយប្រទេសយ៉ាងតិច ២៧ ។ ជាក់ស្ដែងនៅក្នុងប្រទេសតួកគីតែមួយក្រុមហ៊ុនចិន Sinovac Biotech បានចុះកិច្ចព្រមព្រៀងលក់ចំនួន ៥០ លានដូស៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


