ថៃ បើកភ្លើងខៀវ ចំពោះការប្រើផ្លាកលេខពិសេសផ្ទាល់ខ្លួន ហើយចំណូលពីការដេញថ្លៃ នឹងផ្ដល់ទៅមូលនិធិ «សុវត្ថិភាពនៅលើផ្លូវថ្នល់
សេដ្ឋកិច្ច February 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសថៃបានបើកភ្លើងខៀវ ចំពោះការប្រើផ្លាកលេខរថយន្តឈ្មោះផ្ទាល់ខ្លួន។ បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Traisaranakul បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តលើគោលការណ៍ប្រើឈ្មោះរបស់មនុស្សម្នាក់ៗនៅលើផ្លាកលេខរថយន្ត។ លោកស្រីបានបន្តឲ្យដឹងថា ឈ្មោះត្រូវតែមានព្យញ្ជនៈយ៉ាងតិចពីរ ហើយអាចមានស្រៈរឺសញ្ញា និងអាចបន្តដោយលេខ។ លើសពីនេះស្លាកលេខរថយន្តនេះនឹងត្រូវបានចាត់ទុកថាជា “ផ្លាកលេខពិសេស” ដែលផ្ដល់សិទ្ធិសម្រាប់តែរថយន្តផ្ទាល់ខ្លួនដែលមានតិចជាង ៧ កៅអីតែប៉ុណ្ណោះ។

តាមរយៈការលើកឡើងរបស់ អ្នកនាំពាក្យរងរដ្ឋាភិបាលដដែល ផ្លាកពិសេសអាចទទួលបានតាមរយៈការដេញថ្លៃមួយដែលរៀបចំឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយប្រាក់ចំណូលពីការដេញថ្លៃ នឹងផ្ដល់ទៅមូលនិធិ «សុវត្ថិភាពនៅលើផ្លូវថ្នល់»។ ទន្ទឹមនឹងនេះដែរ លោកស្រី Jantira Buruspat អគ្គនាយករងនៃអគ្គនាយកដ្ឋានបានពន្យល់ថា ពាក្យដែលត្រូវអនុញ្ញាតនៅលើផ្លាកលេខពិសេស អាចជាឈ្មោះ ឬ ពាក្យណាមួយ ដែលមិនផ្ទុយនឹងបទប្បញ្ញត្តិរបស់នាយកដ្ឋានដូចជា ពាក្យអសីលធម៌ ពាក្យអសុរោះ មានអត្ថន័យអវិជ្ជមាន ឬ ចម្លងពីផ្លាកលេខផ្សេងដែលមន្ទីរបានសម្រេច។

លោកស្រីបានបន្ថែមថា នាយកដ្ឋានកំពុងពិនិត្យមើលសេចក្តីលម្អិតនៃបទប្បញ្ញត្តិក៏ដូចជាលក្ខណៈវិនិច្ឆ័យសម្រាប់ការដេញថ្លៃ ហើយគេរំពឹងថានឹងបញ្ជូនឯកសារទាំងនេះទៅក្រុមប្រឹក្សារដ្ឋដើម្បីអនុម័តនៅពាក់កណ្តាលឆ្នាំ ២០២១។ គួរបញ្ជាក់ផងដែរថា បទប្បញ្ញត្តិនឹងត្រូវអនុម័តដោយគណៈរដ្ឋមន្រ្តីម្តងទៀតមុនពេលត្រូវបានប្រកាសនៅក្នុងព្រឹត្តិប័ត្រព័ត៌មាន (Royal Gazette) ដើម្បីឱ្យមានប្រសិទ្ធភាព៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand