រដ្ឋមន្រ្តីកសិកម្មបានឱ្យដឹងថា នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) ត្រៀមនាំចេញផ្លែស្វាយ កែវរមៀតស្រស់ឱ្យបានចំនួន ១,០០០ តោន បន្ថែមទៀតទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបាននិងកំពុងខិតខំពុះពារ ធ្វើការចរចាយ៉ាងស្វិតស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយ នូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការ នាំចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។
យន្តការនេះបានធ្វើឡើងស្របតាមការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងធ្វើការនាំចេញ ដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ ដែលជំរុញការដោះស្រាយបញ្ហាទីផ្សារ កសិផលរបស់ប្រជាកសិករកុំឱ្យជន់ជោរចោលអត់ប្រយោជន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ជាលទ្ធផលរយ:ពេល០៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញ ទៅកាន់សាធារណរដ្ឋកូរ៉េ ជាលើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គឺផ្លែស្វាយស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ។

កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) បាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ ប្រទេសកូរ៉េលើកទី១ ចំនួន០១តោនរួចហើយ ដោយ សង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ នៅរដូវប្រមូល ផលស្វាយខាងមុខនេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុប ចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩១,៣៩៨ហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោនក្នុងមួយ ហិកតា ក្នុងមួយរដូវ ដែលមានបរិមាណផលសរុបចំនួន ១,៤៤៨,៦៧៧តោន៕







ប្រភព៖ ក្រសួងព័ត៌មាន


