រមណីយដ្ឋានទឹកឈូ និងភ្នំបូកគោ នៅតែជាគោលដៅទេសចរណ៍គ្មានការជិនណាយ
ទេសចរណ៍ February 2, 2021 Khmernote

សម្រស់រមណីយដ្ឋានទឹកឈូ និងភ្នំបូកគោ នៅតែជាគោលដៅទេសចរណ៍គ្មានការជិនណាយដោយសារនៅតំបន់នោះ មានអាកាសធាតុត្រជាក់ បានធ្វើឱ្យរុក្ខជាតិទាំងឡាយរីកស្រស់គ្រប់រដូវ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំនឹងផ្ទាំងថ្មធំៗជាច្រើន នៅរាយប៉ាយក្រោមដើមរុក្ខជាតិ និងនៅតាមជ្រលងដងអូរ ខ្លះទៀតនៅកណ្តាលវាល ដែល ធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៏ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោនេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតសម្រាប់ខេត្តកំពត ខណៈដែលតំបន់ទាំង២នេះ ទទួលភ្ញៀវទេសចរ ទៅលេងកម្សាន្តរហូតដល់ជាង៧០ភាគរយក្នុង១ឆ្នាំៗ។

លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយសារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង ៨គីឡូម៉ែត្រ ហើយមានទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងហែលលេងយ៉ាងសប្បាយរីករាយ និងមានកញ្ចុះជាច្រើន ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅសម្រាក លម្ហែកាយ ញ៉ាំអាហារដ៏មានឱជារសជាច្រើនមុខ។ ក្រៅពីនេះមានកន្លែងលេងកម្សាន្តជាច្រើនកន្លែង ដែលអាចឱ្យភ្ញៀវទេសចរ ងូតទឹក ជិះខ្សែកាបឆ្លងព្រែក ជិះទូក ជិះក្តាររំអិលជាដើម និងអាចគយគន់នូវទេសភាពដំណាំហូបផ្លែ នៅអមសងខាងទឹកធ្លាក់ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្តកំពតនេះ ។

លោកបានឱ្យដឹងថា គោលដៅមួយទៀតគឺ រមណីយដ្ឋានឋានសួគ៌ បូកគោ ដែលបានទាក់ទាញភ្ញៀវទេសចរជាហូរហែមិនចេះដាច់ ដោយនៅតាមផ្លូវឡើងលើកំពូលភ្នំ យើងត្រូវជិះកាត់តាមចង្កេះភ្នំ មានព្រៃព្រឹក្សាខៀវស្រងាត់ អមជុំវិញផ្លូវគួរជាទីគយគន់។លោកបានបន្តទៀតថា ពេលឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរ អាចងូតទឹកជ្រោះលេងកម្សាន្ត ញ៉ាំអាហារ ថតយករូបសំណាកយាយម៉ៅ ដែលមានកម្ពស់ ២០ម៉ែត្រ មើលសំណង់ចាស់ៗ និងអាចស្នាក់នៅសណ្ឋាគារ ដែលមាននៅលើកំពូលភ្នំ លើសពីនោះនៅរដូវចុះត្រជាក់ នឹងមានដុំពពកសក្បុស បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្លែក និងមិនអាចបំភ្លេចបាន។

ជាមួយគ្នានេះតំបន់ម្ដុំទឹកឈូលោកប្រើពាក្យថា ឋានសួគ៌នេះដោយសារក្នុងទីនោះយើងមានសកម្មភាពទេសចរណ៍ជាច្រើនកន្លែងនៅក្នុងតំបន់ ទឹកឈូ ។ តំបន់បូកគោរមណីយដ្ឋានទេសចរណ៍ភ្នំបូកគោទីតាំងទាំងពីរនេះ យើងស្រូបទាញភ្ញៀវប្រហាក់ប្រហែល ៧០%ទៅកាន់គោលដៅទាំងពីរនេះ ភ្ញៀវទេសចមកលេងខេត្តកំពត។ សូមបញ្ជាក់ថា រមណីដ្ឋានភ្នំបូកគោស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពត រីឯរមណីយដ្ឋានទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូលទុរេន៕

ប្រភព៖ ក្រសួងព័ត៌មាន