ខែដំបូង នៃឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាមួយចំនួន
សេដ្ឋកិច្ច February 2, 2021 Khmernote

បើតាមសហពន្ធ័ស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈនេះ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិក មានការថយចុះជារួម ៣២.០៧% ជាពិសេស គឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប ដែលបានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។ ជាមួយគ្នានោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប មានការកើនឡើង ៧.៧% បើធៀបនឹងខែមករា ឆ្នាំមុនដូចគ្នា។

ជុំវិញការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប សហពន្ធ័ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា គឺបណ្តាលមកពីមូលហេតុចម្បងមានដូចជា បញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ (Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ ៥ដង នៃតម្លៃឆ្នាំមុន។

ជាមួយគ្នានោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។ ចំណែកប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន