រដ្ឋប្រហារនៅមីយ៉ាន់ម៉ា តែធ្វើឲ្យប្រទេសថៃត្រូវខាតបង់រហូតដល់ ៥០លានបាតក្នុងមួយថ្ងៃ ដោយសារកត្តាទាំងនេះ
សេដ្ឋកិច្ច February 2, 2021 Khmernote

ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថានឹងខាតបង់ប្រាក់ចំនួន ៥០លានបាត (ជាង ១.៦ លានដុល្លារ) ក្នុងមួយថ្ងៃពីការធ្វើពាណិជ្ជកម្មតាមព្រំដែន ដោយសារការដឹកជញ្ជូនទំនិញមិនមានភាពងាយស្រួល និងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរឹងដោយរដ្ឋបាលយោធាមីយ៉ាន់ម៉ា។ យោងតាមនាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃលោក Aat Pisanwanich បានឲ្យដឹងថា ផលប៉ះពាល់អាចនឹងមានដល់ជាង ១.៥ ទៅ ២ ពាន់លានបាតក្នុងមួយខែ ប្រសិនបើការត្រួតពិនិត្យសន្តិសុខនៅតែបន្តរឹតបន្តឹង។

ប្រភពខាងលើបានបន្ថែមថា ការខាតបង់ចំពោះប្រទេសថៃពឹងផ្អែកលើកំរិតនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមីយ៉ាន់ម៉ាដែលនឹងជះឥទ្ធិពលទាំងអំណាចទិញ និងការវិនិយោគនៅក្នុងប្រទេសជិតខាង។ ជាមួយនឹងអំណាចទិញទាបជាងនេះ ប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងការវាយប្រហារដោយវីរុស Covid-19 ផងដែរនោះ ទំនងជានឹងនាំចូលទំនិញពីប្រទេសថៃតិចជាងមុន។ ជាមួយគ្នានេះ ស្ថានភាពបច្ចុប្បន្នដែលបង្ហាញយ៉ាងច្បាស់ពីភាពមិនប្រាកដប្រជាផ្នែកនយោបាយខ្ពស់ អ្នកវិនិយោគបរទេសត្រូវបានគេរំពឹងថា នឹងចំណាយពេល ២-៣ខែ ដើម្បីវាយតម្លៃផលប៉ះពាល់ ហើយរង់ចាំមើលថាតើរបបយោធាគ្រប់គ្រងស្ថានការណ៍យ៉ាងដូចម្តេច។

ជាលទ្ធផលបញ្ហានេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពាណិជ្ជ​កម្ម និងការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យប្រាក់ចំណូលនៃមនុស្សម្នាក់ៗនឹងទាបបំផុតក្នុងចំណោមប្រទេស CLMV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ស្របពេលជាមួយគ្នានោះដែរ គម្រោងវិនិយោគទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេប៉ាន់ស្មានថា នឹងគាំង ហើយរាល់ការចរចាពាណិជ្ជកម្មអន្តរជាតិនឹងត្រូវពិនិត្យឡើងវិញ។

ដោយឡែក ប្រធានសភាពាណិជ្ជកម្មខេត្តតាកលោក Prasert Jeungkitrungrote បាននិយាយថា រដ្ឋប្រហារមីយ៉ាន់ម៉ាដែលមិនបានរំពឹងទុកនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ា ជាពិសេសតាមរយៈច្រកព្រំដែន Mae Sot ក្នុងខេត្តតាក ដែលជាច្រកព្រំដែនធំបំផុតជាមួយមីយ៉ាន់ម៉ានៅភាគខាងជើង ដែលពាណិជ្ជកម្មតាមព្រំដែនមានតម្លៃយ៉ាងហោចណាស់ ៨០ ពាន់លានបាតក្នុងមួយឆ្នាំ។ ខណៈលោក Kalin Sarasin ប្រធានសភាពាណិជ្ជកម្មថៃបានមានប្រសាសន៍ថា ផលប៉ះពាល់នៃការធ្វើរដ្ឋប្រហារលើការនាំចេញទំនងជាមិនមានច្រើនទេ ហើយមីយ៉ាន់ម៉ាទំនងជាមិនបិទច្រកព្រំដែនឡើយ ដោយលើកឡើងថារដ្ឋបាលយោធាដឹងយ៉ាងច្បាស់អំពីបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសដែលបណ្តាលមកពីវីរុស Covid-19។

ទោះជាយ៉ាងណាក្ដី លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) ជឿជាក់ថា អាជ្ញាធរយោធាមីយ៉ាន់ម៉ានឹងមិនងាកមករកដំណោះស្រាយដែលតឹងរ៉ឹងជាងនេះនៅក្នុងជម្លោះរបស់ពួកគេជាមួយមេដឹកនាំស៊ីវិលលោកស្រីអ៊ុង សានស៊ូជីនោះទេ។ ប៉ុន្តែប្រសិនបើស្ថានការណ៍កាន់តែកើនឡើង ប្រទេសមីយ៉ាន់ម៉ាអាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជាច្រើនជាពិសេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost