បំណុលរបស់ប្រជាជនថៃ ដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ី កំពុងត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងបន្ថែមដល់ទៅជាង ៤៦០ ពាន់លានដុល្លារ
សេដ្ឋកិច្ច February 2, 2021 Khmernote

បំណុលក្នុងគ្រួសាររបស់ប្រទេសថៃដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ីកំពុងត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលការរីករាលនៃជំងឺ Covid-19 ជាថ្មី បានធ្វើឲ្យប្រជាជនបាត់បង់ចំណូលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កើនហានិភ័យស្ថិរភាពហិរញ្ញវត្ថុ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា បំណុលគ្រួសារមានចំនួន ១៣.៨ ទ្រីលានបាត ( ប្រមាណជាង ៤៦០ ពាន់លានដុល្លារ) ឬ ៨៧% នៃផលិតផលក្នុងស្រុកសរុបនៅចុងខែកញ្ញា ឆ្នាំ២០២០ ដោយកើនឡើងពី ៧៩% កាលពីមួយឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់ធនាគារថៃ (BoT) ។

សារព័ត៌មានដដែលបានបន្តឲ្យដឹងថា កម្រិតបំណុលនឹងជាហានិភ័យមួយដែលធនាគារថៃ (BoT) ពិចារណានៅក្នុងការសម្រេចចិត្តគោលនយោបាយរបស់ខ្លួននៅថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់ខ្លួនបានលើកឡើងពីហិរញ្ញវត្ថុគ្រួសារថា ជាកត្តាមួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បំផុត។

សេដ្ឋវិទូនៅក្រុមហ៊ុន Nomura Holdings Inc នៅប្រទេសសិង្ហបុរី លោក Charnon Boonnuch បានមានប្រសាសន៍ថា៖ « មុនពេលមានជំងឺរាតត្បាត យើងមានការព្រួយបារម្ភរួចទៅហើយ អំពីកម្រិតបំណុលនៅក្នុងប្រទេសថៃ ព្រោះចំណាយរបស់ការប្រើប្រាស់ឯកជននិងកំណើនសក្តានុពលរយៈពេលវែងត្រូវបានរារាំង។ ជាមួយគ្នានេះ នៅពេលដែលវីរុស ទីផ្សារការងារកាន់តែអាក្រក់ទៅៗ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចផ្សេងទៀត នឹងនាំឲ្យមានការកើនឡើងនូវបំណុលគ្រួសារទៅនឹងផលិតក្នុងស្រុកសរុបក្នុងឆ្នាំនេះ ដែលធ្វើឲ្យមានបន្ទុកបន្ថែមទៀតទៅលើការងើបឡើងវិញនៃសេដ្ឋ​កិច្ចខ្សោយ។

គួរឲ្យដឹងផងដែរថា បំណុលគ្រួសារជាបញ្ហារចនាសម្ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបមានលើសពី ៧០% ចាប់តាំងពីឆ្នាំ ២០១២ ជាមួយនឹងការលើកទឹកចិត្តពន្ធអត្រាការប្រាក់ទាបអតិផរណាទាបនិងបរិយាកាសផ្តល់ប្រាក់កម្ចីដែលមានលក្ខណៈប្រកួតប្រជែង ដែលជំរុញឱ្យអតិថិជនខ្ចីប្រាក់។ ជាក់ស្ដែង អ្នកស្រី Nuanchan Runkun អាយុ ៣៦ ឆ្នាំស្ថិតក្នុងចំណោមជនជាតិថៃជាច្រើនដែលកំពុងតស៊ូជាមួយបំណុលជាង ១ លានបាត ដែលភាគច្រើនកើតឡើងមុនពេលមានជំងឺរាតត្បាតបានចាប់ផ្តើម ហើយវិបត្តិ Covid បានធ្វើឱ្យរឿងកាន់តែអាក្រក់ទៅៗ។

គ្រួសាររបស់អ្នកស្រី បានបាត់បង់ប្រាក់ចំណូលចំនួន ២ ភាគ ៣ បន្ទាប់ពីឪពុកដែលជាអ្នកបើកតាក់ស៊ី ម្តាយជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ និងបងប្អូនប្រុសរបស់នាងដែលជាបុគ្គលិកការិយាល័យបណ្តោះអាសន្ន បានបាត់បង់ការងាររបស់ខ្លួនជាប់តាំងពីការផ្ទុះឡើងនៃវីរុសកាលពីឆ្នាំមុន។ យ៉ាងណាមិញ ដើម្បីជួយសម្រាល និងជាផ្នែកមួយដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ រដ្ឋាភិបាល និង ធនាគារថៃ (BoT) បានឆ្លងកាត់វិធានការជំរុញ និងដោះស្រាយបំណុលជាបន្តបន្ទាប់ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ពីការផ្ទុះឡើងចុងក្រោយនេះ។ ដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានសម្រេចចិត្តចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនចាប់ពីសប្តាហ៍នេះទៅ ដើម្បីកំណត់ការខាតបង់សេដ្ឋកិច្ច បើទោះបីជាចំនួនករណីថ្មីនៅតែខ្ពស់ក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost