បង្គន់អនាម័យសាធារណៈ កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើអនាម័យ និងបរិស្ថាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តខេត្តគោលដៅទេសចរណ៍មួយនេះ។ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២១ នេះ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង សម្រេចបានប្រមាណ ៣៥.១% ហើយ នៃការងារទាំងអស់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹកសាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដំណើរការក្នុងយ៉ាងល្អ ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរ២០២១ ខាងមុខនេះ នឹងបានដាក់ជូនសាធាណៈជន ប្រើប្រាស់ហើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅមើលក្រុមជាង ដែលកំពុងតម្លើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភណ័្ឌភាពកាន់ តែស្រស់ស្អាតជូនបងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តមកលេងកំសាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ ។

សូមជម្រាបផងដែរថា បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង ត្រូវបានសាងស់ឡើងស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ការរៀបចំឱ្យមានបង្គន់ស្អាតនៅតាមតំបន់ឆ្នេរនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង រក្សាប្រភពទឹកឱ្យស្អាត និងធានាសុខុមាលភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕









អត្ថបទ៖ លីនី


