វៀតណាម ផ្តួលប្រទេសជិតខាង និង​ចិន ក្នុងការខំប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេនៅអាស៊ី
សេដ្ឋកិច្ច January 30, 2021 Khmernote

យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រទេសវៀតណាមបានធ្វើបានល្អប្រសើរជាងដៃគូក្នុងតំបន់របស់ខ្លួនរួមទាំងប្រទេសចិនផងដែរ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២០ ។ ជាមួយគ្នានេះទោះបីជាសេដ្ឋកិច្ចខ្លះមិនទាន់បានរាយការណ៍ពីតួលេខនៅត្រីមាសទី ៤ ក៏ដោយ ក៏ការប៉ាន់ស្មានដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកពីប្រភពផ្លូវការនិងស្ថាប័នពហុភាគីដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានរកឃើញថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ច ៣ នៅអាស៊ី ដែលទទួលបានកំណើនកាលពីឆ្នាំមុន រួមជាមួយកោះតៃវ៉ាន់ និងចិនដីគោក។

ទន្ទឹនឹងនេះ រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចបានកើនឡើង ២.៩ ភាគរយកាលពីឆ្នាំមុនធៀបនឹងកំណើន ២.៣ ភាគរយរបស់ប្រទេសចិន រួមទាំងសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង និងឥណ្ឌា។ មិនតែប៉ុណ្ណោះទេ សារព័ត៌មាន CNBC ក៏បានឲ្យដឹងផងដែរថា កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសវៀតណាម គឺដោយសារការចាត់វិធានការប្រកបដោយសមត្ថភាពរបស់ខ្លួនក្នុងគ្រប់គ្រងការរាតត្បាតវីរុស Covid-19 ។

សារព័ត៌មានដដែលបានបន្តថា វិស័យផលិតកម្មត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំងចំពោះភាពលេចធ្លោរបស់សេដ្ឋកិច្ចកាលពីឆ្នាំមុន ដោយផលិតកម្មបានកើនឡើងដោយសារតម្រូវការនៃការនាំចេញថេរ។ ខណៈអ្នកសេដ្ឋកិច្ចជាច្រើនរំពឹងថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងនៅឆ្នាំនេះ។ ជាងនេះទៅទៀត មជ្ឈមណ្ឌលពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចនិងស្រាវជ្រាវធុរកិច្ចសហរដ្ឋអាមេរិកបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកាត់ផ្តាច់នៅឆ្នាំ២០៣៥ និងក្លាយជាមហាអំណាចធំទី១៩ លើពិភពលោក៕

អត្ថប​ទ៖ លីនី
ប្រភព៖ vnexpress