រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ខណៈដំណាំប្រភេទនេះកំពុងមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់
សេដ្ឋកិច្ច January 30, 2021 Chan Sreyny

រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ខណៈដែលដំណាំប្រភេទនេះកំពុងមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ដែលធ្វើឱ្យជីវភាពក្រុមគ្រួសារបងប្អូនកសិករកាន់តែប្រសើរឡើង។ ក្នុងឱកាសចុះត្រួតពិនិត្យការដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីគ្រប់ភាគី ពាក់ព័ន្ធជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេមហ្វ្រ៊តអេនវេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករប្រព្រឹត្តទៅដោយរលូនស្របតាមអភិក្រម ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ” ហើយអនុវត្តតាមអភិក្រមនេះធ្វើឱ្យយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពមានកំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំធ្វើឱ្យកម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ដែលមានគុណភាព និងសុវត្ថិភាពជាចំបង។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតសម្រាប់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងបានបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងដែរថា បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមានការទាក់ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ចសម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ជាពិសេសទីផ្សាររាជធានីភ្នំពេញមានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំអគ្គនាយកដ្ឋានកសិកម្មគួរ សិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជា៖ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង មើមខ្ទឹមសជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន