ក្រុមហ៊ុនម៉ុងឬទ្ធី ស្ទឹងត្រែង បានរៀបចំផែនការដាំស្វាយចំនួន (២លានដើម) បន្ថែមទៀតនៅលើផ្ទៃដី ២.០០០ហិកតា ក្នុងឆ្នាំ២០២១នេះ ដែលផែនការនេះនឹងបង្កើតបានការងារធ្វើ ជូនកម្មករស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅ ក្នុងសម័យកូវីដ-១៩ ។ ក្នុងសកម្មភាពថែទាំស្វាយនៅក្រុមហ៊ុន (ម៉ុងឬទ្ធីគ្រុប) ស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ-ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ លោក សុង គ័រឈៀង ជនជាតិចិនជាប្រធានផ្នែកបច្ចេកទេសដាំដុះនិងថែទាំ ដំណាំស្វាយបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំដំណាំកៅស៊ូ មកដាំដំណាំស្វាយវិញចាប់តាំងពីឆ្នាំ២០១៥មក ទទួលបានផលល្អ។ ដំណាំស្វាយនៅក្រុមហ៊ុននេះដាំបាន ១.២០០ហិកតាហើយ ក្នុងនោះ៨០០ហិកតាកំពុងទទួលផល និង នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយនៅឆ្នាំ២០២១នេះ និងបន្តដាំលើផ្ទៃដី ២០០០ហិកតាទៀត ដើម្បីបង្កើនការងារធ្វើជូនកម្មករផងដែរ។
លោកស្រី ឆឹង ដានេ កម្មករថែទាំស្វាយមកពីភូមិព្រែកគូ ឃុំ- ស្រុកព្រែកប្រសប់ខេត្តក្រចេះបានអះអាងថា៖ បងប្អូនកម្មករមក ធ្វើការនៅក្រុមហ៊ុននេះ មានផ្ទះស្នាក់នៅ មានទឹក ភ្លើងប្រើប្រាស់ គ្រប់គ្រាន់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី ៧៥ម៉ឺន ដល់១៥០ម៉ឺន ទៅតាមការងារជំនាញផ្សេងៗពីគ្នា ហើយនៅពេលឈឺថ្កាត់ក៏មានពេទ្យជួយព្យាបាលផងដែរ។ លោកស្រី បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងរកការងារធ្វើសូមមកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ស្ទឹងត្រែង ដែលកំពុងត្រូវការកម្មករដាំស្វាយបន្តប្រមាណ ២លានដើមទៀតនៅឆ្នាំ២០២១នេះ។

លោកស្រីបន្ថែមថា ភាពមានការងារធ្វើនៅក្នុងប្រទេសរបស់យើង មិនព្រួយបារម្ភពីការឆ្លងជម្ងីកូវីដ-១៩ ដូចកម្មករយើងមួយ ចំនួនទៅធ្វើការនៅប្រទេសថៃនោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបស្ទឹងត្រែង បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាង៩០០០ ហិកតានៅឆ្នាំ២០០១ សម្រាប់ដាំកៅស៊ូ តែដោយសារផ្ទៃដីនេះ មិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មក បានប្តូរមក ដាំដំណាំដាំស្វាយវិញ។ បច្ចុប្បន្នដំណាំស្វាយ៨០០ហិកតា បានទទួលផលនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ៕


ប្រភព៖ ក្រសួងព័ត៌មាន


