យោងតាមការបង្ហោនៅលើផេករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា មុននេះបន្តិចបានឲ្យដឹងថា ឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ទឹកប្រាក់សរុបនៃការនាំចេញនេះ គឺជាតួលេខកំណើន បើទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺរាត្បាត Covid-19 ក៏ដោយ។ ជាមួយគ្នាេះនេះដែរនាថ្ងៃទី ២៦ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១,១១៣ហិកតា។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនរោងចក្រ សហគ្រាសជិត ២០០ហើយ កំពុងវិនិយោគ ដោយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺនកន្លែង។ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានអ្នកវិនិយោគមកពីប្រទេសចិន អាម៉េរិក ជប៉ុន បារាំង កូរ៉េ ខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម៕


អត្ថបទ៖ លីនី


