លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលពន្ធគ្រប់ប្រភេទបានចំនួន ១៥៨,៥៦១,០០០,០០០រៀល ស្មើនឹងជាង ៣៩ លានដុល្លារសហរដ្ឋអាមេរិកលើសផែនការឆ្នាំចំនួន ២% ។ ក្នុងនោះមានពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធប្រាក់ចំណូល ពន្ធដីធ្លី ពន្ធលើដីមិនប្រើប្រាស់ ពន្ធអាករបន្ថែម និងពន្ធផ្លូវជាដើម។ លោក សន ស៊ីផល បានបន្តថា ទោះបីពិភពលោកជួបវិបត្តិនឹងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យការប្រមូលពន្ធនាឆ្នាំកន្លងមករងផលប៉ះពាល់យ៉ាងច្រើន ដោយសារវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុមិនមានសកម្មភាពព្រោះជួបនឹងវិបត្តិកូវីដ-១៩ ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យទេសចរណ៍មានដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់មិនឱ្យបង់ពន្ធអាករ ហើយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកធ្វើឱ្យចំណូលពន្ធប្រចាំឆ្នាំ ២០២០ កន្លងមកប្រមូលលើសតែ ២% តែប៉ុណ្ណោះ។ លោកសង្ឃឹមថា ក្រោយពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នៅទូទាំងសកលលោកការប្រមូលពន្ធនៅខេត្តព្រះសីហនុ និងមានការកើនឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

លោកបានបញ្ជាក់ថា ដោយសារមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តជំរុញការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដល់ប្រជាពលរដ្ឋ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ស្តីពីកាតព្វកិច្ចបង់ពន្ធធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកាន់តែមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើនឡើងនៅតាមស្នាក់ការសាខាពន្ធដារក្រុង ស្រុក និងតាមធនាគារដែលអគ្គនាយកដ្ឋានពន្ធដារបានសហការនិងចុះកិច្ចព្រមព្រៀង (MOU) ការប្រមូលពន្ធនៅតាមធនាគារមួយចំនួនមានដូចជា៖ ធនាគារអេស៊ីលីដា, ធនាគារការណាឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ រ៉ូយ៉ាល់ជាដើម។

ទន្ទឹមនោះ មន្ត្រីរបស់យើងបានខិតខំបំពេញកាតព្វកិច្ចបម្រើសេវា និងជួយសម្រួលជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទឹកចិត្តចូលមកបង់ពន្ធនៅតាមសាខា ឬតាមធនាគារបានទាន់ពេលវេលា។
លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឱ្យដឹងទៀតថា នៅខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ សាខាពន្ធដារខេត្តព្រះសីហនុសហការជាមួយមន្ត្រីសមត្ថកិច្ច នឹងបន្តចុះត្រួតពិនិត្យពន្ធលើមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ នៅតាមដងផ្លូវសាធារណៈមួយចំនួនក្នុងក្រុងព្រះសីហនុ និងបន្តតាមស្រុក ដើម្បីជំរុញការប្រមូលពន្ធចូលថវិកាជាតិឱ្យបានកាន់តែច្រើនទ្វេដងប្រកបដោយតម្លាភាពបន្ថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន


