លោក ចូ បៃដិន នឹងបង្កើនគោលដៅចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរហូតដល់ ១.៥ លានដូសក្នុងមួយថ្ងៃ និងលើសពី១០០ ថ្ងៃ ដើម្បីផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង
សេដ្ឋកិច្ច January 27, 2021 Khmernote

ប្រធានាធិបតី Joe Biden កាលពីថ្ងៃច័ន្ទបានប្រកាសថា សហរដ្ឋអាមេរិកអាចឈានដល់ការចាក់វ៉ាក់សាំង Covid-19 ដល់ទៅចំនួន ១.៥ លានដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងខ្ពស់ជាងគោលដៅរបស់លោក ១លានដូសក្នុងមួយថ្ងៃ ដែលបានបំពេញជិតនឹងគ្រប់ចំនួនទៅហើយនៅក្នុងរដ្ឋបាលរបស់លោក Trump។ ប្រធា​នាធិបតីបានមានប្រសាសន៍ថា៖ « ខ្ញុំបានសន្យាថា យើងនឹងទទួលបានការចាក់ ១០០លានដូស រយៈពេល ១០០ ថ្ងៃ ប៉ុន្តែខ្ញុំគិតថាដោយព្រះគុណនៃព្រះនិងឆន្ទៈល្អ យើងអាចនឹងទទួលបានពី ១.៥ លានក្នុងមួយថ្ងៃ តែយើងត្រូវសម្រេចគោលដៅមួយលានដូសក្នុងមួយថ្ងៃជាមុនសិន »។

យ៉ាងណាមិញ អ្នកឯកទេសសុខភាពសាធារណៈមួយចំនួនបានរិះគន់ការសន្យារបស់លោក Biden ក្នុងការចាក់វ៉ាក់សាំងចំនួន ១០០ លានដូសក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការចូលកាន់ដំណែងរបស់គាត់ថាមានកម្រិតទាបពេក។ នៅពេលដែលលោក Biden បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានដល់ល្បឿនចាំបាច់ចំនួន ១ លានដងក្នុងមួយថ្ងៃ ហើយជាក់ស្ដែងគិតត្រឹមថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សាំងជាមធ្យមចំនួន ៧ ថ្ងៃ ដោយក្នុងមួយថ្ងៃចំនួន ១.១ លានដង នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ។

លោក Joe Biden បានមានប្រសាសន៍បន្ថែមថា៖ « ពេលវេលាគឺសំខាន់ណាស់ យើងកំពុងព្យាយាមទទួលបានការចាក់វ៉ាក់សាំងយ៉ាងតិច ១០០ លានក្នុងរយៈពេល ១០០ ថ្ងៃ ហើយបន្តទៅទិសដៅដែលហួសពី ១០០ ថ្ងៃទៀត ដូច្នេះយើងអាចឈានដល់កម្រិតមួយដែលយើងឈានទៅរកជិវិតល្អប្រសើរវិញ ក្នុងចំណោមប្រជាជនជាង ៣០០ លាននាក់ »។

គួរម្លឹកផងដែរថា កាលពីចុងឆ្នាំ២០២០ លោក Joe Biden បានប្រកាសពីគោលបំណងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនអាមេរិកយ៉ាងតិច ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក។ លើសពីនេះលោកក៏គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០០ លាន ហើយនឹងព្យាយាមបើកសាលារៀនភាគច្រើនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃតែមួយ។ នាពេលនោះលោកបានមានប្រសាសន៍ថា « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc