សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាបានអះអាងថា បើយោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥ ៥៥២ ២២១ នាក់ ក្នុងនោះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ ១.៤ភាគរយ ហើយចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន ២,២លាននាក់។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងចំណោមប្រជាជនសរុបជាង ១៥លាននាក់ ក្នុងនោះប្រុសចំនួន៧ ៥៧១ ៨៣៧នាក់ ស្មើនឹង៤៨.៧ភាគរយ។ ដោយឡែកស្រីចំនួន៧ ៩៨០ ៣៧៤នាក់ ស្មើនឹង៥១.៣ភាគរយ។
ជាមួយគ្នានេះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ១.៤ភាគរយ ខណៈលទ្ធផលជំរឿនលើកមុន ឆ្នាំ២០០៨ ចំនួនប្រជាជនសរុបមានចំនួន១៣.៤លាននាក់។ សម្ដេចក្រឡាហោមបានបន្ដថា ជំរឿនជាផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គឺផ្នែកកំណើនប្រជាជន ដែលទាមទារយកចិត្តទុកដាក់សម្រាប់សកម្មភាពចាំបាច់ទាំងឡាយ។

សម្ដចក្រឡាហោម បានថ្លែងថា “ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ ដែលលទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារ ទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន”។ សម្ដេចក្រឡាហោមបានបន្ដទៀតថា មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ ដែលបានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ។

សម្ដេចក្រឡាហោមបានថ្លែងបន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កម្រិតភូមិ។ បើតាមរបាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកម្រិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ហើយអ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន”។ សម្ដេចក្រឡាហោមបានបន្ថែមថា ដង់ស៊ីតេ ប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅក្នងឆ្នាំ២០១៩។ ដង់ស៊ីតេនេះ ប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួន និងចរិតលក្ខណៈប្រជាជន ហើយជំរឿនប្រជាជនមានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់ឱ្យនូវចំនួនប្រជាជនក្នុងតំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ។ ទន្ទឹមនេះ ជំរឿនក៏ផ្តល់ជូនផងដែរនូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងនូវមតិយោបល់មួយចំនួនអំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ជាកិច្ចការសំខាន់មានអាទិភាពខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


