តាមពិតបែបនេះសោះ! ទើបវៀតណាមឡើងកូដ និងចំណេញកប់ពីការនាំចេញអង្ករទៅទីផ្សារបរទេសរហូតវ៉ាដាច់ប្រទេសថៃ
សេដ្ឋកិច្ច January 26, 2021 Khmernote

ប្រទេសវៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២ លើពិភពលោកក្នុងខែនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយចាប់ផ្តើមនាំចូលអង្ករពីប្រទេសឥណ្ឌា។ ប្រទេសនេះកំពុងនាំចូលអង្ករឥណ្ឌាដែលមានតម្លៃថោកដើម្បីបំពេញតំរូវការក្នុងស្រុក ខណៈពេលដែលសន្សំសំចៃទិន្នផលរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលក់ក្នុងតំលៃខ្ពស់ច្រើនឆ្នាំសំរាប់ទីផ្សារនាំចេញ។ តម្លៃស្រូវរបស់វៀតណាមនាពេលថ្មីៗនេះ បានវ៉ាដាច់ប្រទេស​ថៃ ដែលធ្លាប់តែល្បី និងទាក់ទាញ ហើយមូលហេតុ ត្រូវបានគេឲ្យដឹងថា គឺប្រទេសវៀតណាមបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដោយបើកទ្វារទៅកាន់ទីផ្សារអឺរ៉ុបដែលអាចរកប្រាក់ចំណេញបាន។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះក៏នឹងបើកទីផ្សារបន្ថែមទៀតសម្រាប់អង្ករដែលមានតម្លៃខ្ពស់ផងដែរ។ ប្រទេសវៀតណាមស្ថិតក្នុងជំហរល្អក្នុងការទាញយកប្រយោជន៍ពីឱកាសទាំងនេះដោយបានខិតខំធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពខុសគ្នានៃអង្កររបស់ខ្លួន។

ក្រៅពីផលិតស្រូវក្រអូបដែលមានគុណភាពខ្ពស់អ្នកស្រាវជ្រាវជនជាតិវៀតណាមក៏កំពុងអភិវឌ្ឍន៍ពូជដែលផ្តោតលើនិន្នាការទីផ្សារដូចជា អង្ករពណ៌សទន់ ក៏ដូចជាការរៀបចំឡើងវិញនូវវិធីសាស្ត្រផលិតកម្មកែលម្អសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាពនិងបង្កើនទិន្នផល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានទិន្នផលខ្ពស់ ការទទួលស្គាល់យីហោកាន់តែប្រសើរ និងការអបអរសាទរជាសកលដូចជា ការឈ្នះពូជស្រូវល្អបំផុតនៅក្នុងសន្និសីទពាណិជ្ជកម្មអង្ករពិភពលោកក្នុងឆ្នាំ២០១៩ និងដណ្ដើមតំណែងលេខ ២ របស្រទេសថៃកាលពីឆ្នាំទៅ។

គួរឲ្យដឹងថា ប្រទេសថៃធ្លាប់បានគ្រងមកុដក្នុងនាមជាប្រទេសនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែឥឡូវនេះបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។ ប្រទេសថៃចាំបាច់ត្រូវរៀនពីវិធីដែលវៀតណាមសម្របសម្រួលពាណិជ្ជកម្មរបស់ខ្លួនឱ្យសមនឹងការអភិវឌ្ឍទីផ្សារ។ ខណៈអង្ករថៃបានបាត់បង់ប្រជាប្រិយភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារអតិថិជនបានប្តូរទៅជាប្រភេទអង្ករទន់ជាងមុន ហើយប្រទេសនេះប្រឈមនឹងការធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី៥ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រសិនបើប្រទេសនេះនៅតែពេញចិត្ត និងមិនអភិវឌ្ឍយុទ្ធសាស្ត្រស្រូវវែង និងមានលក្ខណៈប្រកួតប្រជែងយូរអង្វែង៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost