ប្រទេសជប៉ុនត្រូវបានគេស្គាល់ថា ជាប្រទេសកំពូលបច្ចេកវិទ្យាជាពិសេសលើវិស័យផលិតរូ៉បូត ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតមនុស្សយន្តដើម្បីជួយសម្រាលការងាររបស់កសិករដាំផ្លែឈើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ប្រទេសជប៉ុនបានបង្កើតរ៉ូបូត ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយបេះ និងរើសផ្លែឈើដូចជា ផ្លែប៉ោម និងល្ពៅ ហើយធ្វើបានល្អដូចជាមនុស្សដែរ។ ប្រភពដដែលបានឲ្យដឹងថា ដៃរបស់មនុស្សយន្តនីមួយៗមានដែកគោលបី សម្រាប់ប្រើប្រាស់ក្នុងការបេះ និងរើសផ្លែឈើ ហើយអាចធ្វើចលនាបំលាស់ទីបានដោយខ្លួនឯង។
ជាងនេះទៅទៀត រ៉ូបូតនេះបំពាក់បច្ចេកវិទ្យា AI ដើម្បីកំណត់ថាតើផ្លែឈើបានអាចប្រមូលផលបាន ឬ នៅ ដោយពិនិត្យមើលពណ៌ និងចំណុចផ្សេងទៀត។ អ្វីដែលកាន់តែពិសេស រ៉ូបូតចំណាយពេលប្រហែល ១១ វិនាទីដើម្បីរើសផ្លែឈើ ដូចទៅនឹងកម្មករ មនុស្សចំណាយពេលក្នុងការធ្វើវាដូចគ្នា។ គួរឲ្យដឹងផងដែរថា អ្នកចូលរួមក្នុងគម្រោងមនុស្សយន្តនេះរួមមាន អង្គការជាតិស្រាវជ្រាវកសិកម្មនិងស្បៀងអាហារ សាកលវិទ្យាល័យ Ritsumeikan និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Denso ។

អ្នកស្រាវជ្រាវម្នាក់នៅអង្គការស្រាវជ្រាវកសិកម្មនិងស្បៀងអាហារជាតិមានប្រសាសន៍ថា គាត់ចង់កែលម្អមនុស្សយន្តដើម្បីកាត់បន្ថយបន្ទុកលើកសិករ។ ហើយលោកបានបន្ថែមថា លោកសង្ឃឹមថាយុវជនកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការធ្វើកសិកម្មព្រោះអ្នកដាំផ្លែឈើកាន់តែចាស់ ហើយខ្វះកម្លាំងពលកម្ម៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


