នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលមានគម្រោងផ្ដល់វិធានការណ៍ជំនួយពន្ធ ដល់អ្នកជាប់ពន្ធដែលកំពុងជួបការលំបាក ដោយវិធានការណ៍ពន្ធនឹងត្រូវយកមកពិចារណានៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា វិធានការណ៍ជំនួយរបស់រដ្ឋ សម្រាប់អ្នកជាប់ពន្ធដែលកំពុងជួបការលំបាករួមមាន ការពន្យារពេលសម្រាប់ការដាក់ពន្ធលើប្រាក់ចំណូល កាត់បន្ថយពន្ធលើដីធ្លីនិងអគារ ៩០% និងថ្លៃសេវា ០.០១% សម្រាប់ការផ្ទេរទ្រព្យសម្បត្តិ និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។
លោកឧត្តមសេនីយ៍ ប្រាយុធ ចានអូចា បានប្រាប់ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃឱ្យរៀបចំព័ត៌មានលម្អិតនិងស្នើវិធានការទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅឯកិច្ចប្រជុំ។ ទន្ទឹមនឹងនេះដែរ ក្រៅពីវិធានការជំនួយពន្ធ លោកនាយករដ្ឋមន្រ្តីក៏បានចង្អុលបង្ហាញអំពីគម្រោងជំនួយហិរញ្ញវត្ថុថ្មីដែលមានឈ្មោះថា “Rao Chana” ឬ (We Win)) ដែលជាមធ្យោបាយមួយដើម្បីជួយប្រជាជនកាត់បន្ថយការចំណាយ។ ខណៈកាលពីថ្ងៃអង្គារគណៈរដ្ឋមន្រ្តីបានយល់ព្រមផ្តល់ជំនួយចំនួន ២១០ ពាន់លានបាតដើម្បីជួយដល់អ្នកដែលរងគ្រោះដោយសារការផ្ទុះឡើងនៃវីរុសនេះ។

ស្ថិតក្រោមគម្រោង “Rao Chana” រដ្ឋាភិបាលនឹងផ្តល់ថវិកាសរុប ៧,០០០បាតសម្រាប់មនុស្សម្នាក់ក្នុងរយៈពេលពីរខែ ដល់ ៣១ លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ក្នុងនោះអ្នកទទួលបានត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួនទាក់ទងនឹងប្រាក់ចំណូលប្រចាំឆ្នាំ និងប្រាក់សន្សំធនាគារ។ យ៉ាងណាមិញអ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ៣០ម៉ឺនបាត និងមានប្រាក់សន្សំជាង ៥០០,០០០ បាតគិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំមុន មិនទទួលបានជំនួយនោះទេ រួមទាំងដែលស្ថិតនៅក្នុងប្រព័ន្ធសន្តិសុខសង្គម មន្ត្រីរដ្ឋាភិបាល និងនិយោជិកនៃសហគ្រាសរដ្ឋ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


