សម្ដេចតេជោ ហ៊ុន សែន អះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនត្រឹមតែការពារសុខភាពនោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញវិនិយោគិនជាច្រើនឱ្យមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាទៀតផង ។ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជារបស់យើងទទួលបានការចាក់វ៉ាក់សាំងបានច្រើន នោះនឹងមានលំហូរនៃការទាក់ទាញ វិនិយោគទុន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដោយគេមើលឃើញថា កម្ពុជាជាតំបន់ដែលមិនមានហានិភ័យ ។
សម្តេចបានបន្តថា ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋរបស់យើង មិនមានការចាក់វ៉ាក់សាំងការពារជំងឺឆ្លងនោះទេ លំហូរនៃការទាក់ទាញវិនិយោគទុន មកកាន់ប្រទេសកម្ពុជា ក៏មិនមានដែរ ដោយគេយល់ថាកម្ពុជាជាតំបន់ដែលមាន ហានិភ័យ។ សម្ដេចតេជោបញ្ជាក់ថា វ៉ាក់សាំង មិនត្រឹមតែការពារប្រជាពលរដ្ឋ ឱ្យរួចផុតពីជំងឹឆ្លងរាតត្បាតផ្សេងៗប៉ុណ្ណោះទេ វ៉ាក់សាំងក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគិនជាច្រើនពីបរទេសឱ្យចូលមកបណ្ដាក់ទុន ក្នុងប្រទេសកម្ពុជា ដែលជួយជំរុញ សេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្ដេចបានមានប្រសាសន៍ថា៖ « នេះគោលការណ៍ស្ម័គ្រចិត្តមែន ក៏ប៉ុន្តែប្រទេសនីមួយៗមានតម្រូវការ ហើយប្រសិនបើយើងអាចចាក់វ៉ាក់សាំងបានច្រើន លំហូរនៃការទាក់ទាញវិនិយោគទុនមកកាន់ប្រទេសកម្ពុជាយើង កាន់តែប្រសើរ ផ្ទុយទៅវិញ បើយើងមិនបាន ចាក់វ៉ាក់សាំងការពារប្រជាពលរដ្ឋរបស់យើងទេ គេមើលឃើញថាកម្ពុជាជាតំបន់ដែលមានហានិភ័យ ដែលគេមិនមក វិនិយោគទេ អ៊ីចឹងវ៉ាក់សាំង មិនត្រឹមតែការពារប្រជាពលរដ្ឋឱ្យគេចចេញពីរោគរាតត្បាតឆ្លងជំងឺកូវីដ-១៩ទេ ក៏ប៉ុន្តែវ៉ាក់សាំង ក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគពីបរទេសចូលមកកាន់កម្ពុជា ដោយគេមិនចាត់ទុកថាកម្ពុជាជាទីកន្លែងសម្រាប់ការឆ្លង កូវីដ-១៩ »។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន មានជំនឿថា ទៅថ្ងៃមុខ ប្រទេសផ្សេងៗនឹងដាក់លក្ខខណ្ឌតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ អំពីការចាក់វ៉ាក់សាំង មុននឹងឆ្លងកាត់ពីប្រទេសមួយ ទៅកាន់ប្រទេសមួយទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន


