សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សេដ្ឋកិច្ចឆ្នាំ២០២០ធ្លាក់ចុះ ប៉ុន្តែមិនអាក្រក់ពេកទេ បើប្រៀបធៀបកាលពីមុន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការទប់ស្កាត់ កុំឱ្យមានការរីករាលដាលជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និង វិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០អវិជ្ជមានពិតមែន ក៏ប៉ុន្តែវាមិនអាក្រក់ហួសហេតុពេកទេ ព្រោះកម្ពុជាធ្លាប់រងផលអាក្រក់នេះកាលពីវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨ និងក្រោយឆ្នាំ២០០៨ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ « យើងធ្លាប់ធ្វើឱ្យសេដ្ឋកិច្ចនៅឆ្នាំ២០០៥ កើនឡើងដល់១៣,៣ភាគរយ ឆ្នាំ២០០៦មានកំណើន១២ភាគរយ ឆ្នាំ២០០៧ មានកំណើនជាង១១ភាគរយ ប៉ុន្តែដល់វិបត្តិសេដ្ឋកិច្ចចាប់ផ្តើមនៅឆ្នាំ២០០៨ យើងធ្លាក់មកត្រឹម៦,៨ភាគរយ ហើយដល់ឆ្នាំ២០០៩ យើងនៅសល់០,៥ភាគរយតែប៉ុណ្ណោះ។ ចាប់តាំងឆ្នាំ២០១០ មក យើងងើបមកជាង៦ភាគរយ ហើយចាប់ឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ យើងមានកំណើនជាង៧ភាគរយរហូត ។ ឥឡូវគេព្យាករណ៍ថា យើងនឹងមាន កំណើនសេដ្ឋកិច្ចជិត៤ភាគរយ ហើយយើងត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់ បន្តជួយប្រជាពលរដ្ឋ និងកម្មករបាត់បង់ការងារធ្វើ ក៏ត្រូវជួយផងដែរ ។ គោលនយោបាយជំនួយសង្គមនៅតែបន្តធម្មតា ដូច្នេះដំណើរការរបស់យើងត្រូវធ្វើឱ្យសេដ្ឋកិច្ចងើបឡើង ជាមួយការទប់ស្កាត់កុំឱ្យមានការរីករាលដាលជាថ្មីម្តងទៀត ក្នុងសហគមន៍» ៕

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឡើងវិញទាំងអស់គ្នា ហើយការឧបត្ថម្ភដល់ជនក្រីក្រ ប្រមាណ៣លាននាក់ និងគោលនយោបាយឧបត្ថម្ភនានា ក៏នៅតែបន្តផងដែរ។ សម្តេចបានបន្ថែមថា ក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជាមិនអាចវិល ទៅរកអតីតកាលនោះទេ ហើយប្រសិនជាវិលរក អតីតកាលនោះ ក៏មិនដឹងថាពេលណាដែរ ដូច្នេះគន្លងសុវត្ថិភាព នៅតែជាការចាំបាច់។ ទោះជាយ៉ាងណាសម្តេតេជោនៅតែបន្តអំពាវនាវឱ្យរួមគ្នាការពារ និងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំ ដោយត្រូវពាក់ម៉ាស់ លាងដៃឱ្យស្អាត និងរក្សាគម្លាត ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និង៣កុំ , ៣ការពារ កុំទៅកន្លែងដែលមានមនុស្សកុះករ និងកន្លែងបិទជិត៕

ប្រភព៖ ក្រសួងព័ត៌មាន


