អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារជំងឺ Covid-19 រហូតដល់ ៤០ លានដូសពីក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។ វ៉ាក់សាំង Pfizer ដែលបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech SE គឺជាវ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានសុពលភាពប្រើប្រាស់ជាបន្ទាន់ពីអង្គការសុខភាពពិភពលោកចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ទម្រង់ថ្មីត្រូវបានរកឃើញ។
យោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលជាបេក្ខជនវ៉ាក់សាំងរបស់ AstraZeneca / Oxford ជិត ១៥០ លានដូសបានត្រៀមបញ្ជូនទៅប្រទេសនានាដែលកំពុងមានតម្រូវការ នៅពេលដែលអង្គការសុខភាពពិភពលោកបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។

គួរឱ្យដឹងផងដែរថា កាលពីដើមសប្តាហ៍នេះលោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងសម្រាប់ការស្វែងរកប្រាក់ចំណេញ ដោយធ្វើឱ្យប្រទេសអ្នកមានអាចទិញវ៉ាក់សាំងដែលមានស្រាប់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


