ប្រទេសវៀតណាមមានបំណងរកចំណូលឲ្យបាន ១៤.៥ ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ ពោលគឺកើនឡើង ១២% ធៀបជាមួយនឹងឆ្នាំ២០១៩ ពីការនាំចេញផលិតផលព្រៃឈើ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានបង្ហើបពីគោលដៅនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Lao Dong ស្តីពីកំណើននៃវិស័យព្រៃឈើក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ខណៈតម្លៃនាំចេញនឹងត្រូវឈានដល់ ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ហើយក្នុងរយៈពេល ៥ឆ្នាំ វិស័យនេះនឹងធ្វើការដើម្បីរក្សាអត្រាគ្របដណ្តប់លើព្រៃឈើ ៤២% ពង្រីកទីផ្សារចែកចាយ អភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្ម រយៈពេលវែង និងដោះស្រាយឱ្យបានឆាប់បញ្ហាពាណិជ្ជកម្មសម្រាប់ផលប្រយោជន៍ទៅវិញទៅមកស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ។
លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពីលទ្ធផលវិជ្ជមានមួយចំនួននៅក្នុងវិស័យនេះកាលពីឆ្នាំមុនទោះបីរងការរាតត្បាតនៃវីរុស Covid-19 ក៏ដោយ។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមនាំចេញផលិតផលព្រៃឈើមានតម្លៃជាង ១៣.២២ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ កើនឡើង ១៦.៩% ធៀបនឹងឆ្នាំ២០១៩ និងកើនឡើង ៥.៧ ភាគរយខ្ពស់ជាងគោលដៅប្រចាំឆ្នាំ។

ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើពិភពលោក ហើយទី២ នៅអាស៊ី និងទី១ នៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងការនាំចេញព្រៃឈើដោយមានផលិតផលឈើធ្វើនៅជាង ១២០ប្រទេស និងដែនដីទូទាំងពិភពលោក។ ជាមួយគ្នានេះសហរដ្ឋអាមេរិក ជប៉ុន ចិន សហភាព អ៊ឺរ៉ុប និងកូរ៉េ គឺជាអ្នកនាំចូលឈានមុខគេចំនួន ៥ សម្រាប់វិស័យនេះ ដោយមានតម្លៃនាំចូលសរុបលើសពី ១១ ពាន់លានដុល្លារអាមេរិក ឬ ប្រហែល ៩០ភាគរយនៃចំណូលនាំចេញឈើសរុបរបស់វៀតណាម។ ប្រទេសនេះមានក្រុមហ៊ុនជាង ៥.៥០០ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មឈើ និងអនុផលព្រៃឈើដែលបង្កើតការងាររាប់លានកន្លែង៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


