ដំណឹងរីករាយ! ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ
សេដ្ឋកិច្ច January 23, 2021 Khmernote

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក្រុងស្ទឹងត្រែងនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៧០ភាគរយហើយ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធានាការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាពតាមមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង លោក សាយ កុ អភិបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតនៅក្រុងស្ទឹងត្រែងនេះ មានសារសំខាន់ណាស់ ដើម្បីផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងជួយលើកកម្ពស់សុខុមាលភាពទៀតផង ។ លោកសង្ឃឹមថានៅពេលស្ថានីយនេះស្ថាបនាហើយ ប្រជាពលរដ្ឋទូទំាងក្រុង ខេត្ត នឹងទទួលបានទឹកស្អាតប្រើប្រាស់ ទៅតាមដំណាក់កាលនីមួយៗ ដែលក្រុមបច្ចេកទេស និងរៀបចំជូនពីទីប្រជុំជនដល់ទីជនបទ។

អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៍ថា៖ « ពាក់ព័ន្ឋជាមួយបញ្ហាទឹកស្អាតដែលយើងបានអនុវត្តនៅដើមឆ្នាំ២០២១ គម្រោងនេះគឺមានរយៈពេល២០ខែ ចប់ជាស្ថាពរ ដែលជាគម្រោងប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB នេះ យើងក៏បានសមិទ្ធផលមួយ ដែលជាប្រវត្តិសាស្រ្តបញ្ហាទឹកស្អាតដែលយើងនឹងបានដោះស្រាយនៅចុងឆ្នាំ ២០២១នេះ ដើម្បីឆ្លើយតបជាមួយ ប្រជាពលរដ្ឋក្នុងក្រុងផង ក៏អាចពង្រីកបណ្ដាញនេះទៅស្រុកថាឡាបរិវ៉ាត់ ហើយនិងស្រុកសេសានផងដែរ ហើយនឹងអាចមាន ផែនការពង្រីកទៅស្រុកសៀមបូកផងដែរ »។

ឯកឧត្តមបានបន្ថែមថា គម្រោងនេះជាគម្រោងដ៏ធំមួយរបស់ខេត្តស្ទឹងត្រែង ដែលប្រើថវិកាសរុបប្រមាណជាង១២លានដុល្លារ ហើយត្រូវសាងសង់ស្ថានីយបូមទឹក ស្ថានីយ៍ស្តុកទឹក រួមទាំងបណ្ដាញដែលមានប្រវែង២៨០គីឡូម៉ែត្រនៅក្រុងស្ទឹងត្រែង។

សូមបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែងនេះ ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថាបនាបានជាង ៧០ភាគរយហើយ ដោយក្រុមហ៊ុន ពន្លឿនការស្ថាបនាឱ្យហើយនៅចុងឆ្នាំ២០២១នេះ ដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។គម្រោងសាងសង់ ស្ថានីយទឹកស្អាតដ៏ធំទីមួយនេះ បានស្ថាបនាឡើងលើផ្ទៃដីជាង១៧.០០០ម៉ែត្រក្រឡា ដែលអាចផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្ត ប្រើប្រាស់បានគ្រប់គ្រាន់ ព្រោះទីតាំងស្ថានីយនេះមានរយៈកម្ពស់រហូតដល់ទៅ ៥៥ម៉ែត្រ។

តាមការឱ្យដឹងពីក្រុមហ៊ុនវិនិយោគ ស្ថានីយនេះ នឹងបើកដំណើរការ ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២១ ទៅតាមជំហានៗ ដែលនឹងធ្វើឱ្យសម្រេចនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មានទឹកស្អាតប្រើប្រាស់គ្រប់ក្រុមគ្រួសារ៕