ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានដាក់ផែនការ ៥ ចំណុចសម្រាប់ជាការទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣០ ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពប្រសើរឡើង។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានមានប្រសាសន៍ថា « ផែនការទាំង ៥ ចំណុចសំខាន់ៗនោះរួមមាន៖ ទី១ យើងធ្វើយ៉ាងណាអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានឱ្យប្រកបទៅដោយគុណភាព និងនិរន្តរភាព ហើយទី២ យើងនឹងសិក្សាស្វែងរកសក្កានុពលវិស័យទេសចរណ៍ថ្មីបន្ថែមដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍ ទី៣ យើងមានការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ទី៤ ពង្រឹងគុណភាពវិស័យទេសចរណ៍ដែលមានស្រាប់ និងទី៥ យើងនឹងផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងយេនឌ័រនិងពាក់ព័ន្ធទៅផ្នែកច្បាប់ »។
លោកបន្តថា « ក្រៅពីនេះ មន្ទីរបានជំរុញតាមបណ្ដាក្រុងស្រុកមួយចំនួនដែលមានសក្តានុពល ទេសចរណ៍ធ្វើយ៉ាងណាបង្កើតរមណីយដ្ឋានថ្មីៗបន្ថែមទៀតក្រៅពីតំបន់ដែលមានស្រាប់ ពិសេសត្រូវចងក្រងជាសហគមន៍អេកូទេសចរណ៍ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្ត »។

លោកបន្ថែមថា « បើតាមផែនការ ៥ ឆ្នាំរំកិលមន្ទីរក៏បានដាក់ចេញនូវទិសដៅជាច្រើនដូចជា៖ ពង្រឹងបន្ថែមទៅលើសេវាកម្មទេសចរណ៍ ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការបណ្ដុះបណ្ដាលធនធានផ្នែកវិស័យទេសចរណ៍គឺបុគ្គលិកម្នាក់ជំនាញមួយ គឺតម្រូវឱ្យពួកគាត់រៀនជំនាញឱ្យបានច្បាស់លាស់ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរស្របតាមស្ដង់ដារ និងទំនួលខុសត្រូវធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមានទំនុកចិត្តមកលេងម្ដងហើយចង់មកម្តងទៀត »។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០ កន្លងទៅខេត្តរតនគិរីទទួលបានភ្ញៀវទេសចរសរុបជាង ២០ ម៉ឺននាក់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីត-១៩ ក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន


