ធនាគារពិភពលោក៖ ប្រជាជនថៃប្រមាណ ១.៥ លាននាក់អាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រ
សេដ្ឋកិច្ច January 22, 2021 Khmernote

ធនាគារពិភពកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាជនថៃប្រមាណ ១.៥ លាននាក់ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត។ សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Kiatipong Ariyapruchya បានឲ្យដឹងថា​ ប្រជាជនក្រីក្ររបស់ថៃមានចំនួនសរុប ៣.៧ លាននៅក្នុងឆ្នាំ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥.២លាននាក់។ ទោះជាយ៉ាងណាក្ដី ចំនួននេះក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្លាក់ចុះដល់ ៥លាននាក់វិញ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ។

សេដ្ឋវិទូជាន់ខ្ពស់ដដែលបានបន្តឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨.៨% ក្នុងឆ្នាំ២០២០ កើនឡើងពី ៦.២% កាលពីឆ្នាំ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម ៨.៤% នៅឆ្នាំ២០២១នេះ។ ខណៈដែលធនាគារពិភពលោក កំណត់ខ្សែបន្ទាត់ភាពក្រីក្រនៅប្រាក់ចំណូលប្រចាំថ្ងៃចំនួន ៥.៥០ ដុល្លារ (១៦៥ បាត) ក្នុងមនុស្សម្នាក់។

គួរឲ្យដឹងផងដែរថា ការផ្ទុះឡើងនៃវីរុសរាតត្បាត Covid-19 បានប៉ះពាល់ដល់ទីផ្សារការងារថៃយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំចុងក្រោយ ដែលបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើងខ្ពស់ និងកម្មករជាច្រើនដែលគ្មានការងារធ្វើ ហើយទាំងនេះបានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ។ ជាក់ស្ដែងនៅ ឆមាសទីមួយនៃឆ្នាំ២០២០ ប្រទេសថៃបានឃើញការខាតបង់ការងារធចំនួន ៣៤០,០០០ ដោយការកាត់បន្ថយម៉ោងធ្វើការប្រហែល ៣ ម៉ោងសំរាប់ស្ត្រី និង ២ ម៉ោងសំរាប់បុរស រីឯប្រាក់ឈ្នួលរបស់វិស័យឯកជនក៏បានធ្លាក់ចុះ ១.៦% ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ វិស័យធុរកិច្ចមួយចំនួនរួមមានសេវាកម្មរដ្ឋបាល និងសេវាកម្មគាំទ្រ និងផលិតកម្មបានចុះបញ្ជីការងារតិចជាងឆ្នាំមុន ស្របពេលអត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤%នៅឆ្នាំនេះ។ ជាងនេះទៅទៀត ភាពចលាចលនយោបាយក្នុងស្រុកដែលអូសបន្លាយ គឺជាកត្តាហានិភ័យមួយផ្សេងទៀតសម្រាប់ប្រទេសថៃ បើទោះបីរោគរាតត្បាតបានធ្វើឱ្យទីផ្សារការងាររបស់ប្រទេសថៃងាយរងគ្រោះជាងមុនក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost