ពលករខ្មែរកំពុងងាករកការងារកសិកម្មធ្វើក្នុងស្រុកដើម្បីចិញ្ចឹមគ្រួសារ ខណៈដែលប្រទេសថៃកំពុងប្រឈមនឹងជំងឺកូវីដ-១៩
សេដ្ឋកិច្ច January 21, 2021 Khmernote

កសិករក្នុងស្រុក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃភាគច្រើន បាននិងកំពុងងាកមករកប្រកបការងារកសិកម្មក្នុងស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប្រសើរជាងត្រឡប់ទៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ ។ ពលករខ្មែរម្នាក់មកពីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងចំណោមពលករមួយក្រុមជាង ១០នាក់ទៀតមកពីស្រុកផ្សេងគ្នាដែលកំពុងស៊ីឈ្នួល ចិញ្ច្រាំ និងហាលដំឡូងមី លើទីវាលមួយកន្លែងនៅស្រុករតន មណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមខ្លួនមកស៊ីឈ្នួល នៅទីនេះអាចរកប្រាក់បានមួយថ្ងៃបីទៅបួនម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅប្រទេសថៃ ប្រហាក់ប្រហែលគ្នា។

អតីតកម្មករសំណង់នៅថៃរូប នេះបាននិយាយថា រូបគេនិងអ្នកភូមិផ្សេងទៀតបានត្រឡប់មកពីប្រទេសថៃច្រើនខែមកហើយបាននិយាយថា ពួកគេសុខចិត្តរកការងារកសិកម្មធ្វើក្នុងស្រុកវិញ ប្រសើរជាងត្រឡប់ទៅប្រទេសថៃដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលពិបាករកការងារធ្វើ និងត្រូវបានអាជ្ញាធរថៃ គេដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចាប់បាន ខណៈចំណាកស្រុកខុសច្បាប់ និងត្រូវបញ្ជូនមកស្រុកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃម្តងទៀត វាធ្វើឱ្យខាតពេលវេលា ។

ប្អូនឱ្យដឹងថា ពួកខ្លួនស៊ីឈ្នួលជាក្រុមនេះ គឺប្រមូលដំឡូងដែលម្ចាស់ចាក់គរជាពំនូកៗ ទៅដាក់ម៉ាស៊ីនចិញ្ច្រាំ ក្នុងមួយតោន ១៥០០០រៀល និង ហាលឱ្យស្ងួតលើកដាក់ លើឡាន មួយតោន ១៥០០០រៀលទៀត សរុបបីម៉ឺនរៀលក្នុងមួយតោន ដែលអាចយកលុយមកចែកគ្នាក្នុងមួយថ្ងៃៗ បានចាប់ពីបីម៉ឺន ទៅបួនម៉ឺនរៀល ឬ លើសពីនេះទៅតាមទំហំការងារ។ ជាមួយគ្នានេះប្អូនបានសំណូមពរដល់ពលករខ្មែរដែលក្នុងស្រុកក្តីមកពីប្រទេសថៃក្តី គួររកការងារធ្វើក្នុងស្រុកប្រសើរជាងទៅរកការងារធ្វើនៅប្រទេសថៃ ដែលកំពុងផ្ទុះជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន