ថៃ តាំងនាម និងប្រូម៉ូតវិស័យទេសចរណ៍របស់ខ្លួនជាឋានសួគ៌សម័យកូវីដ-១៩ តែនៅតែគ្មានភ្ញៀវមក
ទេសចរណ៍ January 20, 2021 Chan Sreyny

Anantara Phuket Suites & Villas គឺជាកន្លែងដ៏ប្រណិតមួយ ដែលអ្នកទេសចរអាស្នាក់នៅក្នុងវីឡាឯកជនមានអាងហែលទឹក និងមានទីធ្លាផ្លាល់ខ្លួន។ ប៉ុន្តែជាង ៣ ខែបន្ទាប់ពីរមណីយដ្ឋានមួយនេះ និងកន្លែងជាច្រើនទៀតបានបើកដំណើរការឡើងវិញសម្រាប់អ្នកទេសចរបរទេសដែលមកលេងកម្សាន្តរយៈពេលយូរ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃនៃការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានខកខានខុសពីការរំពឹងទុក។ យោងតាមក្រុមហ៊ុន Thailand Longstay បានឱ្យដឹងថា មានភ្ញៀវទេសចរចំនួនត្រឹមតែ ៣៤៦ នាក់ប៉ុណ្ណោះដែលបានចូលមកប្រទេសនេះជារៀងរាល់ខែ ដែលមានទិដ្ឋាការពិសេសចាប់តាំងពីខែតុលា។ ដោយទាបជាងគោលដៅរបស់រដ្ឋាភិបាលប្រហែល ១,២០០នាក់ និងមានចំនួនតិចតួចបំផុតបើធៀបនឹងភ្ញៀវទេសចរជាង ៣ លាននាក់ដែលបានលេងកម្សាន្តមុនពេលមានជំងឺរាតត្បាតនេះ។

រដ្ឋាភិបាលថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរដែលចូលនិវត្តន៍ និងអ្នកផ្សេងទៀតដែលអាចស្នាក់នៅប្រទេសនេះរយៈពេលយូរ។ ដោយពួកគេ នឹងត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកដែលពួកគេនឹងតម្រូវឱ្យស្នាក់នៅកន្លែងកម្សាន្តលំដាប់ខ្ពស់នៅក្នុងប្រទេសដែលមិនមានជំងឺរាតត្បាតរាលដាល។ បន្ទាប់ពីការនៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍ ពួកគេអាចធ្វើដំណើរនៅក្នុងប្រទេសថៃរហូតដល់ ៩ ខែ ប៉ុន្តែការធ្វើបែបនេះនៅតែមិនមានភ្ញៀវទេសចរដដែល។

កាលពីឆ្នាំ ២០១៩ ថៃរកចំណូលបានជាង ១.៨ ទ្រីលានបាតពីភ្ញៀវទេសចរប្រមាណ ៤០ លាននាក់។ ឧស្សាហកម្មនេះ បានចូលរួមចំណែកប្រហែល ១ ភាគ ៥ នៃផលិតផលក្នុងស្រុកសរុបមុនពេលមានជំងឺរាតត្បាត។

ប៉ុន្តែរយៈពេល ៦ ខែកាលពីឆ្នាំមុនគឺមិនមានភ្ញៀវបរទេសចូលមកមកប្រទេសនេះទេដោយសារជំងឺ Covid-19 បានបំផ្លាញវិស័យនេះ។ យ៉ាងហោចណាស់ មានក្រុមហ៊ុនដែលបានចុះបញ្ជីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន ៩៣១ បានបិទទ្វារកាលពីឆ្នាំមុន នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលទទួលបានពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម។ ចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ ដោយសារអាជីវកម្មទេសចរណ៍ជាច្រើនមិនបានចុះបញ្ជីនៅក្នុងមូលដ្ឋានទិន្នន័យណាមួយឡើយ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងដើម្បីជួយអាជីវកម្មទេសចរណ៍ដូចជា៖ ឧបត្ថម្ភថ្លៃបន្ទប់សណ្ឋាគារ អាហារ និងថ្លៃសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរក្នុងស្រុកដែលធ្វើដំណើរធម្មតានៅចុងសប្តាហ៍ ប៉ុន្តែនៅតែមិនអាចស្ដារឡើងវិញបាន។ ទោះយ៉ាងណា មានតែសណ្ឋាគារប្រហែលពាក់កណ្តាលនៃប្រទេសនេះបានបើកដំណើរការជាថ្មី ដោយអត្រានៃការកាន់កាប់ជាមធ្យមគឺមានតែប្រហែល ៣៤% ប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ធនាគារថៃប៉ាន់ស្មានថាសូម្បីតែនៅឆ្នាំ ២០២២ ភ្ញៀវទេសចរបរទេសនឹងនៅតែមិនមានចំនួន ៤០ លាននាក់ដូចក្នុងឆ្នាំ ២០១៩ នោះទេ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost