អភិបាលខេត្តសៀមរាបរំពឹងថា នឹងអាចបើកដំណើរការជើងហោះហើរឡើងវិញក្រោយពេលមជ្ឈមណ្ឌលពិសោធន៍កូវីដ-១៩ ថ្មីរួចរាល់ជាស្ថាពរ
សេដ្ឋកិច្ច January 16, 2021 Chan Sreyny

ខេត្តសៀមរាប គ្រោងបើកដំណើរការជើងហោះហើរឡើងវិញនៅពេលអគារមជ្ឈមណ្ឌលពិសោធន៍មេរោគកូវីដ-១៩ ថ្មីសាងសង់រួចរាល់នាពេលខាងមុខ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ភោធអគារការិយាល័យសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបលើកឡើងថា ក្រោយពេលមជ្ឈមណ្ឌលពិសោធន៍រកកូវីដ-១៩ ថ្មីដំណើរការរួចរាល់ជាស្ថាពរ
រដ្ឋបាលខេត្តនឹងស្នើសុំខាងអាកាសចរណ៍ស៊ីវិលដើម្បីបើកដំណើរការជើងហោះហើរក្នុងខេត្តឡើងវិញ
បន្ទាប់ពីបិទមួយរយៈកន្លងមក ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ដោយរំពឹងថាអាចចាប់ផ្តើមដំណើរការនាចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍ថា « មជ្ឈមណ្ឌលពិសោធន៍រកមេរោគកូវីដ-១៩ ថ្មីនេះមានទំហំធំជាងមុន មានលទ្ធភាពក្នុងការធ្វើតេស្តភា្លមៗបានចំនួនប្រមាណ ១០០ករណី ក្នុងមួយថ្ងៃ និងដឹងលទ្ធផលត្រឹម ២ ឬ ៣ ម៉ោងប៉ុណ្ណោះ »។

ឯកឧត្តមបន្តថា « ឥឡូវនេះរដ្ឋបាលខេត្តសៀមរាបជាពិសេសមន្ទីរសុខាភិបាលខេត្តកំពុងជំរុញ និងធ្វើមណ្ឌលពិសោធន៍ថ្មីធំជាងមុន ដើម្បីមានលទ្ធភាពធ្វើតេស្តភ្លាមៗនៅក្នុងខេត្តសៀមរាបរបស់យើង បច្ចុប្បន្ននេះយើងមានមណ្ឌលពិសោធន៍មួយហើយដែលយើងអាចធ្វើតេស្តត្រឹមតែពីរម៉ោងគឺអាចដឹងលទ្ធផល ក៏ប៉ុន្តែមិនទាន់គ្រប់លទ្ធភាពក្នុងការបើកជើងហោះហើរនៅក្នុងខេត្តរបស់យើង អ៊ីចឹងមណ្ឌលពិសោធន៍ដែលធ្វើថ្មីនេះ យើងមានលទ្ធភាពក្នុងការធ្វើតេស្ត ១០០ករណី ក្នុងមួយថ្ងៃក្នុងរយៈពេលពីរម៉ោងទៅបីម៉ោង អ៊ីចឹងយើងគិតថា នឹងអាចផ្លាស់ប្តូរនូវផ្នត់គំនិតមួយអាចថាមិនត្រឹមតែចុះនៅរាជធានីភ្នំពេញ ឬខេត្តព្រះសីហនុទេគឺអាចចុះនៅខេត្តសៀមរាបយើងក្នុងការធ្វើចត្តាឡីស័ក ឬមួយក៏រៀបចំធ្វើកម្មវិធីផ្សេងៗហើយខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ ដែលមានសណ្ឋាគាររបស់ខ្លួនហ្នឹងគឺអាចមានសន្ទុះឡើងវិញនៅឆ្នាំ ២០២១ ឬ ២០២២ នេះមណ្ឌលពិសោធន៍ចប់គឺយើងអាចមានលទ្ធភាពក្នុងការស្នើសុំទៅអាកាសចរណ៍ស៊ីវិលក្នុងការបើកជើងហោះហើរឡើងវិញ »។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ រួចហើយប៉ុន្តែខ្នាតតូច និងធ្វើតេស្តបានតិច។ ឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន ៣០ ម៉ឺនដុល្លារសម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ ថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីន ពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន