ប៉ូលទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ជាង ២០០ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប
សេដ្ឋកិច្ច January 15, 2021 Chan Sreyny

គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកែប បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងខេត្តភាគនិរតីមួយនេះ ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» មួយឡើង ក្នុងនោះគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ចំនួន២៥១គម្រោង ត្រូវបាន ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចមក គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមទៅក្នុងសេចក្តីព្រាងផែនការមេក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍន៍ឱ្យខេត្តកែបក្លាយជា « គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ » ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោកពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះរួមមាន៖ ១ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប, ២ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប, ៣ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍, ៤ យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍, ៥ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប, ៦ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យពាក់ព័ន្ធនានាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប, ៧ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប, ៨ យុទ្ធសាស្រ្តអភិវឌ្ឍន៍នវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប, ៩ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ចត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅក្នុងយុទ្ធសាស្ត្រគោលទាំង ៩ នេះគឺមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រទៀតដោយបែងចែកជា ៩៨ សកម្មភាពស្មើនឹង ២៥១ គម្រោង។

ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែបនេះក្នុងនោះរួមមាន៖ ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។

ឯកឧត្តមបន្តថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ហើយផលិតផលអំបិលនេះគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។ សម្រាប់ផែនការមេនេះ នឹងបំលែងគោលដៅនៅតំបន់ស្រែអំបិលទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការបង្កើតឱ្យមានជាសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់អំពីច្រវ៉ាក់ផលិតកម្មអំបិលនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន