ដំណឹងរីករាយ! រាជរដ្ឋាភិបាល ទម្លាក់ថវិកាជាង ១០០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន១១ខ្សែថ្មីបន្ថែមទៀត នៅក្រុងព្រះសីហនុ
សេដ្ឋកិច្ច January 15, 2021 Khmernote

រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាជាង ១០០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ១១ខ្សែថ្មីបន្ថែមទៀត នៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ។

លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការនេះ រាជរដ្ឋាភិបាល ក្រៅពីការសាងសង់ផ្លូវ៣៤ខ្សែជិតរួចរាល់នោះ នៅពេលនេះបានបន្ថែមគម្រោងសាងសង់ផ្លូវប្រកបដោយប្រណិតភាព ចំនួន១១ខ្សែនេះទៀត គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។

ផ្លូវទាំង១១ខ្សែនេះ លទ្ធផលសម្រេចបាន ២១ភាគរយហើយ ដែលជាសមិទ្ធផលថ្មីដែលប្រជាពលរដ្ឋនៅព្រះសីហនុ មួយផ្នែកទៀតនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ទទួលបានសមិទ្ធផលទាំងផ្លូវ៣៤ខ្សែ និង១១ខ្សែបន្ថែមទៀតនេះ ។ សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបន្ថែមចំនួន១១ខ្សែនេះ មានប្រវែងជាង៥៨គីឡូម៉ែត្រ លទ្ធផលសម្រេចបាន២១ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន