ថៃសាងសង់ផ្លូវមួយខ្សែតភ្ជាប់ជាមួយថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់របស់កម្ពុជា ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចថ្មី
សេដ្ឋកិច្ច January 15, 2021 Khmernote

រដ្ឋាភិបាលថៃបានសាងសង់ផ្លូវមួយខ្សែតភ្ជាប់ជាមួយថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់របស់កម្ពុជា នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១ កន្លងទៅនេះ។ ប្រភពដដែលបានឲ្យដឹងថា ការតភ្ជាប់ផ្លូវមួយខ្សែនេះ គឺជាការបង្កើតរបៀងសេដ្ឋកិច្ចថ្មីរវាងកម្ពុជា និងថៃ ដោយផ្លូវនេះធ្វើដោយក្រាលបេតុង AC ទទឹង ១៤ម៉ែត្រ និងប្រវែងជិត ២ គីឡូម៉ែត្រ ហើយចែកចេញជា ៤ គន្លង តភ្ជាប់ពីភូមិថាសែន ស្រុកឡែម សង្កាត់ កាត់មឿង (Kat Moeung) ខេត្ត ត្រាត ទៅច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា។

(រូបតំណាង)

ការស្ថាបនាផ្លូវនេះ ត្រូវបានរដ្ឋសភាថៃយល់ព្រម និងបន្ទាប់ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Chhatprachai Phornmonleud បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាតាមសំណើរបស់អភិបាលខេត្តត្រាតកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៩។ ការតភ្ជាប់ផ្លូវថ្នល់នេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ខ្លួនឯង ដើម្បីបង្កើតលំហូរសេដ្ឋកិច្ចថ្មីរវាងប្រទេសថៃ និងកម្ពុជា ដោយអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅធនិន បានជួបប្រជុំជាទៀងទាត់ជាមួយភាគីថៃដើម្បីពិភាក្សាអំពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតឆ្លងកាត់ច្រកព្រំដែននេះ។

សូមជម្រាបផងដែរថា ស្រុកវាលវែងខេត្តពោធិ៍សាត់ ជាគោលដៅទេសចរណ៍មួយដែលមានទឹកជ្រោះ និងជួរភ្នំ រីឯស្រុកមឿង ខេត្តត្រាត ប្រទេសថៃជាតំបន់ទេសចរណ៍មាត់សមុទ្រ។ ការតភ្ជាប់ផ្លូវថ្នល់កាន់តែងាយស្រួលរវាងខេត្តពោធិ៍សាត់ និងត្រាតរបស់ប្រទេសថៃតាមរយៈច្រកថ្មដា នឹងទាក់ទាញភ្ញៀវទេសចររបស់ខេត្តទាំងពីរកាន់តែច្រើន៕

(រូបតំណាង)

ប្រភព៖ information