អង្គការ WWF និងអគ្គនាយកដ្ឋានកៅស៊ូសហការគ្នាជួយដល់ឧស្សាហកម្មកៅស៊ូលក្ខណៈគ្រួសារដើម្បីជំរុញផលិតកម្មកៅស៊ូធម្មជាតិ និងលើកកម្ពស់ជីវភាពរបស់កសិករ
សេដ្ឋកិច្ច January 14, 2021 Chan Sreyny

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF និងអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការគ្នាដើម្បីជួយលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កសិករដែលដាំជាលក្ខណៈគ្រួសារ។ កសាងភាពជាដៃគូពហុភាគី បន្ទាប់ពីទទួលបានជំនួយពីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់លើគម្រាងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា កិច្ចសហប្រតិបិត្តការនេះ មានរយៈពេល ៣ឆ្នាំ ក្នុងគោលដៅជំរុញការចូលរួម និងសហការពីភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលវិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករកៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូផងដែរ។

លោកមានប្រសាសន៍ថា ការអនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា គឺមិនត្រឹមតែជួយបង្កើតការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូដែលមានស្រាប់ឱ្យអស់សុពលភាព និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់។

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា ការកសាងសមត្ថភាព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដាំកៅស៊ូ និងមន្ត្រីជំនាញផ្នែកកៅស៊ូបូករួមទាំងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ នឹងធ្វើឱ្យវិស័យកៅស៊ូនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព។

បច្ចុប្បន្ន កសិករកៅស៊ូគ្រួសារចំនួន ១០០នាក់ ដែលរស់នៅជុំវិញសហគមន៍តំបន់ការពារចំនួន ៥ នៅជិតដែនជម្រកសត្វព្រៃស្រែពកក្រោមការគាំទ្រដោយអង្គការ WWF បានចូលរួមក្នុងគម្រោងនេះរួចមកហើយ ហើយគម្រោងនឹងបន្តជំរុញការចូលរួមរបស់កសិករកៅស៊ូគ្រួសាររហូតដល់ ៣០០គ្រួសារ នៅត្រឹមឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន